(ប៉ារីស)៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA Euro 2016 អាចប្រកួតបិទទ្វារក្នុង ពហុកីឡដ្ឋានខ្លះ ដើម្បីបញ្ចៀសហានិភ័យនានា ដែលបង្កឡើយដោយក្រុម​អសន្តិសុខ​ពិភពលោក ISIS នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីលោក Giancarlo Abete អនុប្រធានគណៈកម្មាធិការប្រតិបត្តិ UEFA ថ្លែងប្រាប់សារព័ត៌មាន Dailymail ។

ការចេញមុខមកប្រកាសក្តែងៗសារជាថ្មីជាលើកទី២នេះ គឺបានធ្វើឡើង ក្រោយពេលដែលក្រុម ISIS បានបង្កមហន្ត រាយ ដោយការបំផ្ទុះនៅ៣កន្លែងផ្សេងគ្នា ត្រឹមរយៈពេលតែ១ម៉ោង ចំកណ្តាល​ទីក្រុង​ព្រុចសែល (Brussels) ប្រទេស ហ៊ែលហ្ស៊ិក នារសៀលថ្ងៃអង្គារម្សិលមិញ (ម៉ោងនៅកម្ពុជា) ដែលជាប្រទេសភូមិផងរបងជាមួយគ្នានឹងបារាំង ដែលបានឈ្នះធ្វើម្ចាស់ផ្ទះ Euro 2016 ចាប់ផ្តើមនាខែមិថុនាខាងមុខនេះហើយ ។

លោក Abete បានថ្លែងថា «យើងមិនអាចបញ្ឈប់ ឬក៏ពន្យារពេលបានទេសម្រាប់យុទ្ធនាការ៤ឆ្នាំម្តង Euro ហើយយើង ក៏មិនអនុញ្ញាតឲ្យ ក្រុមភេរវករបន្តអុកឡុកទៀតដែរ ខណៈ​ដែល​​យើង​កំពុងតែពិភាក្សាគ្នាចំពោះពហុកីឡដ្ឋានខ្លះដែលត្រូវប្រកួតបិទទ្វារ ប្រសិនបើទីនោះត្រូវបាន គំរាមកំហែងខ្លាំងពី ISIS ជាមួយនឹងសន្តិសុខ​នឹងត្រូវរឹត​បណ្តឹងខ្លាំងឡើង ថែមទៀត»

ទន្ទឹមគ្នានេះ UEFA ក៏បានចេញសេចក្តីថ្លែងការណ៍មួយផងដែរថា «UEFA នឹងរឹតបណ្តឹងសន្តិសុខខ្លាំងឡើង ជាមួយនឹងការបំពាក់ប្រព័ន្ធ ការពារអេឡិចត្រូនិចផងដែរ ដើម្បីធានាបានសុវត្ថិភាព​ជូនទស្សនាទាំងឡាយ»

ព្រឹត្តិការណ៍ Euro 2016 នឹងចាប់ផ្តើមចេញដំណើរពីទីក្រុង Stade de France ដែលស្ថិតក្នុងទីក្រុងប៉ារីស ផ្ទាល់តែម្តងធ្លាប់ត្រូវបានវាយប្រហារ ដោយ ISIS កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ម្តងមកហើយ ដែលបណ្តាលឲ្យមនុស្សជាង ១៣០នាក់បានស្លាប់ និងរបួសជាច្រើននាក់ផងដែរ ហើយយុទ្ធនាការ Euro នេះត្រូវបានគេព្យាករណ៍ថា នឹងមានអ្នកទស្សនារាប់លាននាក់ ធ្វើដំណើរមកកាន់​ប្រទេសបារាំងក្នុងចំណោម​២៤ក្រុម ជម្រើសជាតិដែលប្រុងប្រៀបរួចហើយ ដើម្បីប្រកួតយកពាននេះ​លើកទី១៥នេះ៕