(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានលើកទឹកចិត្តឲ្យមនុស្សគ្រប់រូប នាំគ្នាហាត់ប្រាណដើម្បីមានសុខភាពល្អ ក្នុងនោះរាប់ទាំងអ្នកកើតជំងឺកូវីដ១៩ ដែលមិនធ្ងន់ធ្ងរ និងអ្នកកំពុងធ្វើចត្តាឡីស័ក។

សម្រាប់ការហាត់ប្រាណរបស់សម្តេចជាប្រចាំថ្ងៃនោះ គឺសម្តេចបានជ្រើសរើសយកការធាក់កង់មួយថ្ងៃ៦០នាទី ទៅ៩០នាទី និងច្រើនបំផុត១២០នាទី ទៅតាមទម្ងន់មុនពេលហាត់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ តាម Facebook យ៉ាងដូច្នេះថា ហាត់ប្រាណគឺជាវិធីដ៏ល្អសម្រាប់មនុស្សគ្រប់រូបដែលអាចហាត់បានរាប់ទាំងអ្នកមានវិជ្ជមានកូវីដ១៩ ដែលមិនធ្ងន់ធ្ងរ និងអ្នកកំពុងធ្វើចត្តាឡីស័ក។

របៀបហាត់ខុសៗគ្នាទៅតាមចំណូលចិត្ត តាមវ័យ តាមលទ្ធភាពដែលអាចធ្វើបានដើម្បីរក្សាសុខភាព។ តាំងពីកូវីដ១៩ រាតត្បាតខ្លាំង ខ្ញុំបានជ្រើសរើសយកការធាក់កង់ជាប្រចាំ មួយថ្ងៃ៦០នាទី-៩០នាទី និងច្រើនបំផុត១២០នាទី ទៅតាមទម្ងន់មុនពេលហាត់។

ខ្ញុំរក្សាទម្ងន់ ៧៦, ៧៧, ៧៨ ដែលកាលពី៥ខែមុនឡើងដល់ ៨៧ស្ទើរតែរកខោស្លៀកលែងបាន។ ថ្ងៃនេះខ្ញុំស្លៀកខោខ្លីជិះកង់ហាត់ប្រាណប្លែកពីលើកមុន ដែលស្លៀកខោវែង។ និយាយតិចៗកុំឲ្យប្រពន្ធខ្ញុំលឺ គាត់ប្រាប់ខ្ញុំថា (បើទៅហាត់ប្រាណត្រូវស្លៀកវែងកុំស្លៀកខោខ្លី)។ ខ្ញុំមិនដឹងថា តើគាត់ខ្លាចខ្ញុំត្រូវក្តៅខ្មៅ? ឬគាត់ខ្លាចមនុស្សផ្សេងឃើញជើងខ្ញុំក្រៅពីគាត់? (សូមទោសនិយាយលេងទេកុំប្រកាន់)៕