(បន្ទាយមានជ័យ)៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ បានរៀបចំប្រជុំស្តីពីផែនការសកម្មភាពសម្រាប់ឆមាសទី០២ ឆ្នាំ២០២១ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងមានការចូលរួមពីអស់លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ជាស្នងការរង លោក អធិការនគរបាលក្រុង ស្រុក ទាំង០៩និងមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដេនគោកទាំង០៤។

ដើម្បីឲ្យរាល់ភារកិច្ចទាំងឡាយទទួលបានជោគជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដាក់ផែនការបានជំរុញដល់គ្រប់បណ្តាអង្គភាពចំណុះស្នងការដ្ឋាន ត្រូវរៀបចំផែនការសកម្មភាពរបស់ខ្លួន សម្រាប់ឲ្យមន្ត្រីក្នុងអង្គភាព ក្រោមឱវាទរបស់ខ្លួនអនុវត្តឲ្យចំទិសដៅ និងទទួលបានលទ្ធផលល្អ។

ប្រសិនបើអង្គភាពមួយមិនមានការរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តទេនោះ គឺអង្គភាពនោះការអនុវត្តភារកិច្ចរបស់ខ្លួនមិនទទួលបានលទ្ធផលល្អនោះឡើយ ដូច្នេះគ្រប់បណ្តាអង្គភាពគឺត្រូវតែរៀបចំផែនការសកម្មភាពរបស់ខ្លួន ដោយផ្ញើមកស្នងការដ្ឋាន (សេនាធិការដ្ឋាន) ដើម្បីឲ្យមានមូលដ្ឋានរៀបចំជាផែនការរួម សម្រាប់សកម្មភាពរបស់យើងអនុវត្តជាក់ស្តែង ឲ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា សភាពការណ៍ នៃកំណើនបទល្មើសបច្ចេកវិទ្យា បទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន ការជួញដូរមនុស្ស និងសកម្មភាពបង្កអុកឡុក នៅតាមមូលដ្ឋាននៅតែជាកង្វល់។

មិនត្រឹមតែប៉ុណ្ណោះ កំណើន នៃគ្រោះថ្នាក់និងការកកស្ទះចរាចរណ៍ រួមទាំងកំណើនយាយន្តយ៉ាងគំហុក ស្របពេលផ្លូវថ្នល់កំពុងកែលម្អ និងការគ្រប់គ្រងទ្រូងផ្លូវ ចិញ្ចើមផ្លូវនៅមានកម្រិតផងនោះ បានធ្វើឲ្យសណ្តាប់ធ្នាប់ចរាចរណ៍ ផ្លូវគោក ជួបបញ្ហប្រឈម។

ជាមួយគ្នានោះ ដើម្បីដោះស្រាយរាល់បញ្ហាទាំងនោះ បានរលូន យើងត្រូវតែរៀបចំផែនការសកម្មភាព ដើម្បីអនុវត្ត ជាក់ស្តែងដូចជាផែនការដែលយើងប្រជុំផ្សព្បផ្សាយនាថ្ងៃនេះ ជាឆ្លើយតបគឺសុំឲ្យយកទៅអនុវត្តឲ្យចំគោលដៅ មានប្រសិទ្ធិភាព តម្លាភាពនិងសម្រេចបានលទ្ធផលល្អ។

នៅក្នុងដំណាក់កាល នៃការឆ្លងរាតត្បាតជម្ងឺកូវីដ១៩ បង្កឲ្យមានហានីភ័យគម្រាមកំហែងដល់សុខភាពសាធរណៈ និងអាយុជីវិតមនុស្សលើសលលោក លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានក្រើនរំលឹកដល់អស់លោក លោកស្រី ជាថ្នាក់ដឹកនាំបណ្តាអង្គភាពនីមួយៗ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ថែរក្សាសុខភាព មានអនាម័យឲ្យបានល្អ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល លាងដៃ និងសាប៊ូ ឬជែល ពាក់ម៉ាស់ រក្សាម្លាត ពិសេសគឺអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល «៣ការពារ និង៣កុំ» ឲ្យបានខ្ជាប់ខ្ជួន ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលជម្ងឺដ៏កាចសាហាវនេះ ចូលក្នុងសហគមន៍៕