(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានដឹកនាំក្រុមគ្រូពេទ្យធ្វើតេស្តរហ័សរកជំងឺកូវីដ-១៩ ដល់នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងគ្រួសារយោធិនទាំងអស់ ចំណុះកងពលតូចថ្មើរជើងលេខ៥១ រួមជាមួយកងកម្លាំងទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និងកម្លាំងបិទខ្ទប់តំបន់ក្រហមក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។

លោកមេបញ្ជាការកងពល បានគូសបញ្ជាក់ថា ក្នុងយុទ្ធនាការការធ្វើតេស្តរហ័សនេះ ដើម្បីទប់ស្កាត់ការចម្លងចូលមកក្នុងជួរកងកម្លាំង ក៏ដូចជាក្រុមគ្រួសារកងទ័ព ដោយសារក្នុងកាលៈទេសៈដ៏លំបាកនេះកងទ័ព មានតួនាទីសំខាន់ក្នុងការបំពេញប្រតិបត្តិការជួយអាជ្ញាធរ តាមគ្រប់រូបភាព ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

គួរកត់សំគាល់ថា យុទ្ធនាការយកសំណាកជំងឺកូវីដ-១៩ តាមរយៈតេស្តរហ័សនេះ បានធ្វើឡើងចាប់តាំងពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ត្រូវបានបញ្ចប់លើកទី១។

លោកឧត្ដមសេនីយ៍ត្រី សឹង្ហ ទុំ បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ដែលកំពុងបំពេញបេសកកម្មប្រតិបត្តិការ នៅក្រៅអង្គភាព និងក្នុងអង្គភាពត្រូវតែបន្តយកចិត្តទុកដាក់ឲ្យបានខ្ពស់ និងធ្វើអនាម័យតាមការណែនាំរបស់ ក្រសួងសុខាភិបាល ពិសេសអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា គឺវិធានការ «៣ការពារ និង៣កុំ» ទាំងអស់គ្នា៕