(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះបានបញ្ជាក់ថា រដ្ឋាភិបាលចិនបានសម្រេចផ្តល់ជំនួយឥតសំណង មានទឹកប្រាក់សរុបចំនួន ២.៥លានដុល្លារ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រសកម្មភាពបោសសម្អាតមីន និងសំណល់ជាតិផ្ទុះ ពីសង្គ្រាមរបស់អង្គភាពស៊ីម៉ាក់ សំរាប់រយ:ពេល១២ខែ ឆ្នាំ២០២២។

លោក ហេង រតនា បានបញ្ជាក់ថា គម្រោងនេះនឹងត្រូវប្រើប្រាស់កម្លាំងប្រតិបត្តិការជិត៣០០នាក់ សម្រាប់បោសសម្អាតមីន នៅខេត្តព្រះវិហារ ឧត្តរមានជ័យ ស្ទឹងត្រែង ខេត្តសៀមរាប និងខេត្តកំពង់ធំ ដោយផែនការត្រូវរំដោះផ្ទៃដីចំការមីន និងចំការសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួនជាង១៧០០ហិចតា និងសកម្មភាពអប់រំយល់ដឹងពីគ្រោះថ្នាក់ ដោយសារមីនចំនួន៧ខេត្ត។

អគ្គនាយកស៊ីម៉ាក់រូបនេះបន្តថា សម្រាប់លទ្ធផលរយៈពេល៦ខែ ឆ្នាំ២០២១នេះ គំរោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា ដែលបានផ្តល់ជំនួយឥតសំណង មានទំហំថវិកាដូច ២០២២ ដែរ នោះ និងបានរំដោះដីចំការមីន/គ្រាប់សំណល់ជាតិផ្ទុះ ចំនួ នជិត១០៨៣ហិចតា រុករកឃើញកំទេចគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួ នជាង៥០០០គ្រាប់។

លោក ហេង រតនា បានបញ្ជាក់ទៀតថា «សូមគោរពអរគុណជាអនេក ចំពោះសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ដែលបានជំរុញសំណើគាំទ្រថវិកានេះ ជាមួយប្រធានាធិបតីចិន ហើយជាបន្តបន្ទាប់រដ្ឋាភិបាលចិន បានឆ្លើយតបតាមសំណូមពររបស់សម្តេចតេជោ»

លោកបន្តថា តាងនាមអង្គភាពស៉ីម៉ាក់ ក៏ដូចជនរងគ្រោះដោយសារមីន សូមសំដែងនូវការដឹងគុណ ជូនចំពោះប្រជាជននិងរដ្ឋាភិបាលចិន ដែលបានគាំទ្រថវិកាមនុស្សមនុស្សធម៌ ដ៏មានសារសំខាន់នេះ សំរាប់ទ្រទ្រង់សកម្មភាពអង្គភាពស៉ីម៉ាក់ ក្នុងការរំដោះគ្រាប់មីន និងសំណល់យុទ្ធភណ្ឌពីសង្គ្រាម ផ្តល់សុខសុវត្ថិភាព និងគាំទ្រការអភិវឌ្ឍនៅកម្ពុជា៕