(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២០ ខែកក្កដានេះ បានចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ជនបរទេសដោយដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ជនបរទេសទាំងអស់ដែលកំពុងស្នាក់នៅ និងកំពុងបំពេញការងារក្នុងខេត្តសៀមរាប។ ក្នុងនោះមានជនជាតិបរទេសប្រមាណ ២,១២០នាក់ បានធ្វើសំណើមកកាន់រដ្ឋបាលខេត្តសៀមរាប ដើម្បីទទួលការចាក់វ៉ាក់សាំង និងមួយចំនួនទៀត មកចុះឈ្មោះជាបន្តបន្ទាប់ផងដែរ។

ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយឥតគិតថ្លៃជូនជនបរទេសដែលកំពុងស្នាក់នៅក្នុងខេត្តសៀមរាប បានចាប់ដំណើរការហើយ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ។

ការសម្រុកមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ពីសំណាក់ជនបរទេសជាង ២ពាន់នាក់ នៅខេត្តសៀមរាប នេះសបញ្ជាក់ថា ជនបរទេសមានការជឿទុកចិត្តចំពោះវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ឱ្យដោយឥតគិតថ្លៃនាពេលនេះ។

យុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋនៅខេត្តសៀមរាប ជំហានទី១ បានចាប់ផ្តើមពីក្រុងសៀមរាប កាលពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ខណៈតាមបណ្តាស្រុកទាំង១១ របស់ខេត្តសៀមរាប បានចាប់ផ្តើមកាលពីថ្ងៃទី១៤ ខែកក្កដា ២០២១។

យោងតាមការចេញផ្សាយដោយរដ្ឋបាលខេត្តសៀមរាប, ប្រជាពលរដ្ឋក្នុងខេត្ត សរុបចំនួន ២៥៥,៩០៧នាក់ ក្នុងនោះមានស្រី ១៣២,០៧០នាក់ បានទទួលវ៉ាក់សាំងដោយឥតគិតថ្លៃចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញ។

គិតត្រឹថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញនេះដែរ យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាបសរុបចំនួន ២៥៥ ៩០៧នាក់ ស្រី ១៣២ ០៧០នាក់ ក្នុងនោះ៖

ទី១៖ ក្រុងសៀមរាបចាប់ផ្តើមពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ចាក់វ៉ាក់សាំងសរុប ចំនួន ១៣៨,៧៩៧នាក់ ស្រី ៧១,២៥៣នាក់
ទី២៖ ស្រុកក្រឡាញ់ ចាប់ដំណើរការពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ សរុបចំនួន ៨,៨៩៦នាក់ ស្រី ៤ ៦១៥នាក់
ទី៣៖ ស្រុកជីក្រែងចាប់ដំណើរចាក់ពីថ្ងៃទី១៦ ខែកក្កដា ២០២១ សរុបចំនួន ១២ ២០៦នាក់ ស្រី ៦ ៥០៥នាក់
ទី៤៖ ស្រុកអង្គរធំ ចាប់ដំណើរការពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ សរុបចំនួន៥ ៥៨៧នាក់ ស្រី ២ ៩៦៩នាក់
ទី៥៖ ស្រុកបន្ទាយស្រី ចាប់ដំណើរការពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ សរុបចំនួន ៨ ៦៤២នាក់ ស្រី ៤ ៦៥៧នាក់
ទី៦៖ ស្រុកអង្គរជុំ ចាប់ដំណើរការពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ សរុបចំនួន ៦ ៤១៦នាក់ ស្រី ៣ ២៨៧នាក់
ទី៧៖ ស្រុកពួកចាប់ដំណើរការពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ សរុបចំនួន ៧ ៦៧១នាក់ ស្រី ៣ ៨២៩នាក់
ទី៨៖ ស្រុកប្រាសាទបាគងចាប់ដំណើរការពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ សរុបចំនួន ៣៧ ៥៨១នាក់ ស្រី ១៩ ៧១៨នាក់
ទី៩៖ ស្រុកស្រីស្នំចាប់ដំណើរការពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ សរុបចំនួន ៧ ៧៤៤នាក់ ស្រី ៤១៦៨នាក់
ទី១០៖ ស្រុកសូទ្រនិគមចាប់ដំណើរការពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ សរុបចំនួន ៨ ៥០១នាក់ ស្រី ៣ ២៣៤នាក់
ទី១១៖ ស្រុកស្វាយលើ ចាប់ដំណើរការនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ សរុបចំនួន ៤ ៩៣៦នាក់ ស្រី ២ ៤៥១នាក់
និងទី១២៖ ស្រុកវ៉ារិន ចា់ដំណើរការនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ សរុបចំនួន ៦ ៥៦៣នាក់ ស្រី ៣ ៣៥៤នាក់។

ជាមួយគ្នានេះ រដ្ឋបាលខេត្តសូមអំពាវនាវដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង សូមអញ្ជើញទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នាតាមទីតាំងដែលអាជ្ញាធរបានរៀបចំនៅក្នុងបណ្តាឃុំ សង្កាត់ដែលជិតបងប្អូន ពិសេសបងប្អូនដែលរស់នៅក្នុងក្រុងសៀមរាបដែលនៅសល់រយៈពេល៤ថ្ងៃទៀត ដូចនេះ សូមបងប្អូនដែលរស់នៅក្នុងក្រុងសៀមរាបសូមរួសរាន់។ ម្យ៉ាងវិញទៀតពេលទទួបានចាក់វ៉ាក់សាំងរួចរាល់ មានភាពងាយស្រួលក្នុងការចេញចូលទីតាំងអាជីវកម្ម ឬទីតាំងផ្សេងៗទៀតដែលមានការស្កែន QR Code ដោយបញ្ជាក់ថាយើងបានចាក់វ៉ាក់សាំងរួចរាល់។

គួររម្លឹកថា យុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋនៅខេត្តសៀមរាប ជំហានទី១ បានចាប់ផ្តើមពីក្រុងសៀមរាប កាលពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ខណៈតាមបណ្តាស្រុកទាំង១១ របស់ខេត្តសៀមរាប បានចាប់ផ្តើមកាលពីថ្ងៃទី១៤ ខែកក្កដា ២០២១។

រដ្ឋបាលខេត្តនឹងរៀបចំចាក់វ៉ាក់សាំង ជូនជនបរទេសដែលរស់នៅក្នុងក្រុងសៀមរាប ចាប់ពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៨៖០០តទៅ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕