(ភ្នំពេញ)៖ សមាជិកសភាវ័យក្មេងនៅកម្ពុជា លោក ហ៊ុន ម៉ានី បានលើកឡើងថា លទ្ធផលនៃការចាក់វ៉ាក់សាំងដែលកម្ពុជាសម្រេចបានជាង៦០ភាគរយនាពេលបច្ចុប្បន្ននេះ មិនមែនជាលទ្ធផលកើតឡើងដោយភាពចៃដន្យនោះទេ តែជាលទ្ធផលមួយកើតឡើងដោយការដឹកនាំ និងគិតគូរយ៉ាងត្រឹមត្រូវ ព្រមទាំងល្អិតល្អន់របស់រាជរដ្ឋាភិបាលកម្ពុជា។

ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ មកដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានជាង ៦លាននាក់ ស្មើនឹងជាង ៦០ភាគរយហើយនៃចំនួនប្រជាពលរដ្ឋ ដែលកំណត់ក្នុងការចាក់វ៉ាក់សាំង។ ជនទី៦លាន ត្រូវបានរកឃើញនៅថ្ងៃទី១៩ ខែកក្កដា ហើយក៏ទទួលបានការឧបត្ថម្ភថវិកា ១០លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ពីរាជរដ្ឋាភិបាលផងដែរ។

លោក ហ៊ុន ម៉ានី នៅព្រឹកថ្ងៃទី២០ ខែកក្កដា បានចេញមកអបអរសាទរជូនចំពោះពលរដ្ឋខ្មែរដែលជាអ្នកចាក់វ៉ាក់សាំងកូវីដ១៩ ទី ៦លាននាក់។

ជាមួយការអបអរសាទរ សមាជិកសភារូបនេះ បានគូសរំលេចថា ខណៈប្រទេសជាច្រើន កំពុងជួបប្រទះបញ្ហាខ្វះខាតវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩នោះ ប្រទេសកម្ពុជា ទោះមិនមែនជាប្រទេសអ្នកមានស្តុកស្តម្ភយ៉ាងណាក្តី តែបាននិងកំពុងជំរុញយន្តការចាក់វ៉ាក់សាំងទូទាំងប្រទេស។ បន្ថែមពីលើនោះ មាននូវការលើកទឹកចិត្តដល់ពលរដ្ឋខ្លួន ដើម្បីបានមកទទួលយកវ៉ាក់សាំងដោយមិនគិតថ្លៃ។ ទោះបីជាមានឧបសគ្គយ៉ាងណា យន្តការនេះ គិតមកត្រឹមពេលនេះ សម្រេចបានលទ្ធផលគួរជាទីមោទនៈ។

លោក ហ៊ុន ម៉ានី បានចោទជាសំណួរថា លទ្ធផលដែលកម្ពុជាសម្រេចបាននេះ ជារឿងចៃដន្យទេ?

លោក ហ៊ុន ម៉ានី បានគូសរំលេចថា លទ្ធផលដែលសម្រេចបាននេះ មិនមែនជារឿងចៃដន្យនោះឡើយ។ លោកបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជន គ្រប់ពេលវេលា នៅជាប់នឹងប្រជាជន ស្គាល់សុខទុក្ខប្រជាជន និងធ្វើអ្វីគ្រប់យ៉ាងដើម្បីប្រជាជន។ ការបង្កើតច្បាប់គ្រប់គ្រងជំងឺកាចសាហាវ ការដាក់បទបញ្ជាក្នុងការបិទខ្ទប់តំបន់ហានិភ័យ និងការអនុវត្តច្បាប់ជាបន្តបន្ទាប់ទៅលើជនល្មើសមួយចំនួនតូច សុទ្ធសឹងតែជាការអនុវត្តដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋទូទៅ។ សង្ឃឹមថា មកដល់ពេលនេះ មនុស្សកាន់តែច្រើនបានយល់ច្បាស់ពីរឿងនេះ។

លោក ហ៊ុន ម៉ានី បន្តថា ក្រៅពីការដោះស្រាយនូវបញ្ហាសុខមាលភាពប្រជាពលរដ្ឋខ្លួន ការជំរុញនូវយន្តការនៃការចាក់វ៉ាក់សាំងនេះទៀតសោត ក៏ដើម្បីបង្កលទ្ធភាពឲ្យមាននូវការបើកឡើងវិញនូវសង្គមសេដ្ឋកិច្ច (តាមបែបគន្លងថ្មី) ដែលអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋយើង អាចប្រកបរបរទទួលទានបានធម្មតា ដែលនេះជាកត្តាមួយជួយជំរុញបន្ថែមនូវកម្រិតជីវភាពគ្រួសារខ្លួនផង និងជំរុញសេដ្ឋកិច្ចសង្គមជារួមផង។

«បងប្អូនប្រាកដជាមើលឃើញហើយថា មកដល់ពេលនេះ មិនថាជាប្រទេសជឿនលឿន ឬអន់ថយនោះទេ យន្តការនៃការចាក់វ៉ាក់សាំង គឺជាជម្រើសតែមួយគត់ដើម្បីដោះស្រាយបញ្ហាខាងលើ។ អ្វីដែលយើងទាំងអស់គ្នា គួរអបអរសាទរដល់កម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនោះ គឺការប្រមើលមើលស្ថានការណ៍បានយ៉ាងត្រឹមត្រូវ ដែលឈានទៅដល់ការកំណត់យកយន្តការនៃការចាក់វ៉ាក់សាំងនេះ ជាអាទិភាពតាំងពីដំបូង ក្រោយពីពិនិត្យយ៉ាងហ្មត់ចត់ទៅលើប្រសិទ្ធភាពវ៉ាក់សាំង ដែលនឹងត្រូវចាក់ជូនប្រជាពលរដ្ឋខ្លួន»។ នេះជាការគូសបញ្ជាក់របស់លោក ហ៊ុន ម៉ានី។

លោក ហ៊ុ ន ម៉ានី បានលើកឡើងដែរថា រាជរដ្ឋាភិបាល បានប្រើប្រាស់នូវគ្រប់យន្តការអន្តរជាតិទាំងអស់ ដើម្បីស្នើសុំ និងទិញយកវ៉ាក់សាំងជាបន្តបន្ទាប់ដើម្បីធានាថា ប្រជាជនកម្ពុជាគ្រប់រូប នឹងពិតជាទទួលបានការការពារដោយស្មើភាពគ្នា។ ក្រោមកិច្ចសហការល្អមកដល់ពេលនេះ កម្ពុជាអាចធានាបាននូវវ៉ាក់សាំងគ្រប់ចំនួន ដើម្បីចាក់ជូនប្រជាពលរដ្ឋខ្លួន។

ទន្ទឹមនឹងការអបអរសាទរចំពោះលទ្ធផលសម្រេចបានលើការចាក់វ៉ាក់សាំងនេះ លោក ហ៊ុន ម៉ានី ក៏បានសម្តែងនូវការដឹងគុណទៅដល់អ្នកពាក់ព័ន្ធទាំងឡាយ ដែលក្នុងនោះរួមមាន ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន សប្បុរសជន ក្រុមគ្រូពេទ្យ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បុគ្គលិកអនាម័យ និងបងប្អូនប្រជាពលរដ្ឋល្អទាំងអស់ដែលបានចូលរួម។

លោក ហ៊ុន ម៉ានី បានបង្ហាញការជឿជាក់ថា ការចូលរួមពីសំណាក់ប្រជាពលរដ្ឋគ្រប់រូប កម្ពុជានឹងឆ្លងផុតការលំបាកដោយជំងឺកូវីដ១៩នេះជាមួយគ្នា។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋជាង ៦លាននាក់ហើយ ដែលបានចាក់វ៉ាក់សាំងរួចរាល់ ហើយគ្រោងបញ្ចប់ការចាក់ជូនប្រជាពលរដ្ឋក្នុងផែនការកំណត់ឱ្យរួចរាល់នៅអំលុងខែវិច្ឆិកាឆ្នាំនេះ។ លទ្ធផលនៃការចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាល គឺសម្រេចបានលឿនជាងផែនការ ដែលបានគ្រោងទុក។

ប្រជាពលរដ្ឋ ដែលបានចាក់វ៉ាក់សាំង បានបង្ហាញនូវការពេញ និងរីករាយជាខ្លាំង។ ពួកគេក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលបានគិតគូរ ដាក់ចេញយុទ្ធសាស្ត្រ និងផែនការប្រកបដោយប្រសិទ្ធភាពក្នុងការរកវ៉ាក់សាំងចាក់ជូនពួកគេដោយមិនគិតថ្លៃ៕