(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ បានផ្ញើសារលិខិតមួយ ចូលរួមរំលែកទុក្ខជូន លោកស្រី Angela Merel អធិការបតីអាល្លឺម៉ង់ ចំពោះករណីគ្រោះទឹកជំនន់ ដែលបណ្តាលឱ្យស្លាប់ពលរដ្ឋអាល្លឺម៉ង់ រាប់រយនាក់ និងច្រើនពាន់នាក់ទៀតកំពុងបាត់ខ្លួន។

តាមសារលិខិតសម្តេចតេជោ ហ៊ុន សែន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន សម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំពិតជាមានក្តីក្រៀមក្រំយ៉ាងខ្លាំង នៅពេលបានទទួលដំណឹងអំពីគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅរដ្ឋ North Rhine-Westphalla និងរដ្ឋ Rhineland-Palatinate ដែលបានបង្កឱ្យមានការបាត់បង់អាយុ ជីវិតដល់ជនស្លូតត្រង់ជាច្រើនរយនាក់បាត់ខ្លួន និង បណ្តាលឱ្យមានរងរបួសរាប់ពាន់នាក់ ព្រមទាំងបាន បង្កការខូចខាតផ្ទះសម្បែង និងទ្រព្យសម្បត្តិ ជាច្រើនទៀត»

សម្តេចបានបន្ថែមថា៖ «ក្នុងកាលៈទេសៈដ៏គួរឱ្យសង្វេគនេះ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាខ្ញុំសូមសម្តែងនូវក្តី អាណិតអាសូរ និងចូលរួមរំលែកទុក្ខដ៏ដោយស្មោះជាមួយលោកជំទាវ និងប្រជាជនអាល្លឺម៉ង់ ជា ពិសេសក្រុមគ្រួសារនៃជនរងគ្រោះចំពោះការបាត់បង់ដ៏ធំធេងនេះ និង សូមជូនពរដល់អ្នករងរបួសបាន ឆាប់ជាសះស្បើយ ហើយជនរងគ្រោះដែលកំពុងបាត់ខ្លួន ឆាប់ត្រូវបានជួយសង្គ្រោះដោយជោគជ័យ»

សូមបញ្ជាក់ថា ចំនួនមនុស្សស្លាប់ដោយសារតែគ្រោះទឹកជំនន់ដ៏អាក្រក់មិនធ្លាប់មាន នាប៉ុន្មានទសវត្សរ៍មកនេះនៅទ្វីបអឺរ៉ុបបានកើនដល់ ១៧០នាក់ហើយនៅក្នុងប្រទេសអាល្លឺម៉ង់ និងប៊ែលហ្សិក ដោយក្នុងនោះអាល្លឺម៉ង់ បាននិងកំពុងរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត។

គិតត្រឹមល្ងាចថ្ងៃសៅរ៍កន្លងទៅនេះ ចំនួនមនុស្សស្លាប់នៅអាល្លឺម៉ង់តែឯង មានចំនួនរហូតដល់ទៅ ១៤៣នាក់ឯណោះ ដោយសារតែពួកគេត្រូវបានទឹកជំនន់ និងគ្រោះរអិលបាក់ដីនាំយកទៅជាមួយនៅតំបន់ ណតស៍ រ៉ាញ វែតស៍ផេលា (North Rhine-Westphalia)។ ដោយឡែកប្រជាជននៅអាល្លឺម៉ង់ជាង ១,៣០០នាក់ទៀត កំពុងបាត់ខ្លួននៅឡើយស្ថិតក្នុងរដ្ឋ រ៉ាញលែនដ៍ ផាឡាទីណេត (Rhineland-Palatinate)។ អាល្លឺម៉ង់ក៏បានបញ្ជូនយោធាឲ្យទៅស្វែងរក និងសង្គ្រោះអ្នកបាត់ខ្លួនទាំងនោះផងដែរ៕