(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ បានដឹកនាំកម្លាំងធ្វើតេស្តរហ័ស (Rapid Test) រកជំងឺកូវីដ១៩ ដល់នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងគ្រួសារយោធិនទាំងអស់ នៅទីបញ្ជាការ និងនៅបំពេញប្រតិបត្តិការទប់ស្កាត់ប្រជាពលរដ្ឋឆ្លងដែនខុសច្បាប់ និងកម្លាំងការពារនៅតំបន់បិទខ្ទប់ភូមិសាស្ត្រក្រុងប៉ោយប៉ែត។

ក្នុងបេសកកម្មយកសំណាកនេះផងដែរ គឺលោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន ដឹកនាំដោយផ្ទាល់ដោយបានបែងចែកជា ៥គោលដៅធំៗ គឺទីបញ្ជាការតំបន់ប្រតិបត្តិការសឹក ទីបញ្ជាការវរសេនាតូចលេខ១ ផ្នែកសឹករងថ្មពួក ផ្នែកសឹករងម៉ាឡៃ និងផ្នែកសឹករងប៉ោយប៉ែត។

ជាមួយគ្នានេះដែរ លោកមេបញ្ជាការបានបញ្ជាក់ថា ជាគោលការណ៍របស់ថ្នាក់ដឹកនាំការធ្វើតេស្តរហ័សនេះ ដើម្បីទប់ស្កាត់ការចម្លងតគ្នារវាងកងកម្លាំង និងកងកម្លាំង ហើយក៏ដូចជាការពង្រឹងប្រសិទ្ធភាពការងារ ដោយថាអំឡុងពេល នៃការចុះអនុវត្តវិធានការបិទខ្ទប់ និងការចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ កងកម្លាំងមួយចំនួនបានចុះទៅដល់គោលដៅដែលជាតំបន់ហានិភ័យនៃការឆ្លងជំងឺនេះផងដែរ។

លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន បានផ្តាំផ្ញើដល់កងកម្លាំងដែលកំពុងប្រតិបត្តិការទាំងអស់ ត្រូវតែបន្តសហការជាមួយកងកម្លាំងចម្រុះ​ដោយយកចិត្តទុកដាក់អោយបា​ន​ខ្ពស់ និងធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលពិសេសអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា គឺវិធានការ «៣ការពារ និង៣កុំ»៕