(ភ្នំពេញ)៖ ប្រទេសចិននិងកម្ពុជាជាប្រទេសជិតខាងដ៏មេត្រីភាព ប្រទេសទាំងពីរមានមិត្តភាពប្រពៃណីដ៏យូរអង្វែង។ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ប្រទេសចិននិងកម្ពុជាបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ។ ក្នុងរយៈពេល ៦៣ឆ្នាំមកនេះ ចំណងមិត្តភាពចិន-កម្ពុជា ដែលបង្កើតឡើង និងពូនជ្រំយ៉ាងយកចិត្តទុកដាក់ដោយមេដឹកនាំនៃប្រទេសទាំងពីរ បានឆ្លងកាត់បម្រែបម្រួលនៃស្ថានការណ៍អន្តរជាតិគ្រប់យ៉ាង

ហើយមានភាពកាន់តែរស់រវើក។

តាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិន ពិតជានឹងចូលរួមចំណែកវិជ្ជមានក្នុងការកសាងសហគមន៍រួមវាសនាតែមួយ នៃមនុស្សជាតិពុំខាន។ ពេលនេះសូមទស្សនារូបភាពខាងក្រោម ដើម្បីរំលឹកឡើងវិញនូវខណៈពេលដ៏រំភើបនៃចំណងមិត្តភាពរវាងចិន និងកម្ពុជាក្នុងរយៈពេល៦៣ឆ្នាំ។

នៅឯសន្និសីទ Bandung ក្នុងឆ្នាំ១៩៥៥ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ បានបង្កើតមិត្តភាពដ៏ជ្រាលជ្រៅជាមួយលោក Zhou Enlai នាយករដ្ឋមន្រ្តីចិន កាលនោះ ដែលបានចាក់គ្រឹះយ៉ាងរឹងមាំសម្រាប់ការបង្កើតទំនាក់ទំនងការទូតជាផ្លូវការរវាងចិន និងកម្ពុជា។ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ប្រទេសចិន និងកម្ពុជាបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ។

នៅទីក្រុងភ្នំពេញ រាជធានីនៃប្រទេសកម្ពុជា មានមហាវិថីដ៏ល្បីឈ្មោះមួយខ្សែគឺមហាវិថី ម៉ៅ សេទុង។ វាត្រូវបានសាងសង់ឡើងតាមការផ្តួចផ្តើម របស់ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ ក្នុងទសវត្សរ៍ឆ្នាំ៦០ នៃសតវត្សរ៍មុន ហើយផ្តល់ថវិកាសាងសង់ដោយលោក Zhou Enlai នាយករដ្ឋមន្រ្តីចិន ក្នុងនាមប្រជាជនចិន នៅពេលអញ្ជើញធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា។ សព្វថ្ងៃនេះមហាវិថីម៉ៅសេទុង នៅតែជាផ្លូវមួយខ្សែដែលមានភាពមមាញឹកបំផុត ក្នុងរាជធានីភ្នំពេញ។

ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៦៧ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ និងព្រះមហាវីរក្សត្រី នរោត្តម មុនិនាថ សីហនុ បានប្រទានដើមស្វាយចំនួន២ ដើមដល់ស្ថានទូតចិនប្រចាំនៅកម្ពុជា។ សព្វថ្ងៃនេះដើមស្វាយទាំងពីរដើមបែកមែកត្រសុំត្រសាយ និងមានផ្លែច្រើន។

នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៩២ កងកម្លាំងមួកខៀវដំបូងបង្អស់របស់ចិន បានមកដល់កំពង់ផែ កំពង់សោម នៃប្រទេសកម្ពុជា ដើម្បីជួយជួសជុល ព្រលានយន្តហោះស្ទឹងត្រែង។ ចាប់តាំងពីឆ្នាំ១៩៩៩ រហូតដល់បច្ចុប្បន្ននេះ ប្រទេសចិននិងកម្ពុជា បានបន្តធ្វើកិច្ចសហប្រតិបត្តិការដោះមីនដែលជានិមិត្តរូបនៃមិត្តភាព មិនអាចបំបែកបានរវាងប្រជាជនចិន និងកម្ពុជា។

នៅឆ្នាំ២០១០ ប្រទេសចិននិងកម្ពុជា បានបង្កើតទំនាក់ទំនងភាពជាដៃគូកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយនៅឆ្នាំ ២០១៩ ប្រទេសទាំងពីរបានចាប់ផ្តើមរួមគ្នាកសាងសហគមន៍រួមវាសនាតែមួយ ដែលមានអត្ថន័យជាយុទ្ធសាស្ត្រ ទំនាក់ទំនងរវាងចិន និងកម្ពុជាបានបន្តវិវឌ្ឍរីកចម្រើនប្រកបដោយគុណភាព និងល្បឿនលឿន។

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យកព្រះទ័យទុកដាក់ខ្លាំងលើការអភិវឌ្ឍមិត្តភាពចិន និងកម្ពុជា ដែលជាអ្នកថែរក្សាចំណងមេត្រីភាពវាងចិន និងកម្ពុជា។ ចាប់តាំងពីឆ្នាំ២០១៦ មកព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានយាងធ្វើទស្សនកិច្ចនៅប្រទេសចិន ជារៀងរាល់ឆ្នាំ ហើយបានជួបសវនាការជាមួយលោក Xi Jinping មេដឹកនាំកំពូលរបស់ប្រទេសចិនជាច្រើនដង ភាគីទាំងពីរបានឈានដល់គំនិតឯកភាពសំខាន់ៗជាច្រើនលើកបន្តវេនចំណងមិត្តភាពប្រពៃណីរវាងចិននិងកម្ពុជា ដែលបានជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់ដំណាក់កាលល្អបំផុតក្នុងប្រវត្តិសាស្ត្រ។

ចាប់តាំងពីជំងឺកូវីដ១៩ បានផ្ទុះឡើង ប្រទេសទាំងពីរបានជួយគ្នាទៅវិញទៅមក ដើម្បីពុះពារឧបសគ្គជាមួយគ្នា ដែលបានបង្កើតជាគំរូសម្រាប់សហគមន៍អន្តរជាតិ ក្នុងការសហការគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ ប្រទេសចិន បានចាត់បញ្ជូនក្រុមគ្រូពេទ្យប្រយុទ្ធប្រឆាំងជំងឺឆ្លងជាច្រើនលើក មកកាន់ប្រទេសកម្ពុជា និងបានបរិច្ចាគសម្ភារៈប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាច្រើនលើក។ រហូតមកដល់ពេលនេះ ប្រទេសចិនបានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន ១៥៧០ម៉ឺនដូសដល់កម្ពុជា ដែលក្នុងនោះ មាន ២២០ម៉ឺនដូស ជាការបរិច្ចាគដោយឥតគិតថ្លៃ។

ចាប់តាំងពីឆ្នាំ ២០០០មក ជំនួយរបស់ចិនចំពោះប្រទេសកម្ពុជា បានកើនដល់រាប់ពាន់លានដុល្លារអាមេរិក ដែលបានក្លាយជាប្រទេស ផ្តល់ជំនួយច្រើនជាងគេបំផុតរបស់កម្ពុជា។ អ្វីដែលសំខាន់បំផុតគឺ ជំនួយរបស់ចិន មិនដែលមានដាក់លក្ខខណ្ឌនយោបាយណាមួយនោះទេ។ ប្រទេសចិនបានជួយប្រទេសកម្ពុជាសាងសង់ផ្លូវវែងបំផុត និងសាងសង់ស្ពានច្រើនបំផុត។

នៅឆ្នាំ២០២០ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានឈានដល់ ៩.៥៦ប៊ីលានដុល្លារអាមេរិក ដែលបានកើនឡើង ១,៤%ក្នុងបរិបទដ៏លំបាកនៃជំងឺឆ្លង។ កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីចិន-កម្ពុជា និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានចុះហត្ថលេខាយ៉ាងរលូន។ នៅខែឧសភាឆ្នាំនេះ ផ្លែស្វាយស្រស់របស់កម្ពុជា បានចូលទីផ្សារប្រទេសចិនជាផ្លូវការ។ កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងកម្ពុជាក្នុងវិស័យផ្សេងៗ បានបន្តស៉ីជម្រៅឥតឈប់ឈរ៕

ជយោ! មិត្តភាពចិននិងកម្ពុជា!