(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ចំនួន១១៨គ្រួសារ ដែលមានទីតាំងស្ថិតនៅសាលាវិទ្យាល័យវត្តអង្គរជ័យ ស្ថិតក្នុងភូមិត្រពាំងកំភ្លាញ ឃុំអង្គរជ័យ ស្រុកអង្គរជ័យ។

ក្នុងឱកាសនោះដែរ លោក ជាវ តាយ បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងមានការដោះស្រាយបញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋ មិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ ដោយមិនដែលទុកចោលឱ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយអត់ស្បៀងអាហារ និងមិនមានការដោះស្រាយអ្វីឡើយ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា បើទោះបីអំណោយនាពេលនេះ មានចំនួនតិចតួចក្ដីមិនអាចឆ្លើយតបបានយូរអង្វែង ប៉ុន្តែអាចជួយសម្រាលការលំបាកខ្វះខាត របស់បងប្អូនបានមួយគ្រាផងដែរ ពិសេសក្នុងដំណាក់កាលនៃស្ថានភាពវិបត្តិកូវីដ១៩ នេះ។

ជាមួយគ្នានេះដែរ លោក ជាវ តាយ ក៏បានក្រើនរំលឹក ក៏ដូចជាអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ឱ្យបានខ្ពស់បន្ថែមទៀត ដោយចូលរួមអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានគ្រប់ៗគ្នា និងប្រកាន់យកនូវការអនុវត្តវិធានការ «៣ការពារ និង៣កុំ» ក្នុងការចូលរួមទប់ស្កាត់ និងការពារជំងីកូវីដ១៩។

លោកអភិបាលខេត្ត ផ្តល់ជូនអំណោយដល់ប្រជាពលរដ្ឋទាំង១១៨គ្រួសារ ខាងលើរួមមាន៖ ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូ, ត្រីខ ១យួរ, ទឹកត្រី ១យួរ, មី ១កេស និងថវិកា ២ម៉ឺនរៀល ស្មើនឹង ២,៣៦០,០០០រៀល ព្រមទាំងបានឧបត្ថម្ភថវិកាសរុបចំនួន ៥០ម៉ឺនរៀល ជូនទីប្រឹក្សាយុវជន យុវជនកាកបាទក្រហម អ្នកស្ម័គ្រចិត្តកាកបាទក្រហម នគរបាល កងរាជអាវុធហត្ថ និងប្រជាការពារផងដែរ៕