(កំពត)៖ គណបក្សប្រជាជនកម្ពុជាខេត្តកំពត បានបង្ហាញបេក្ខជនពេញសិទ្ធិ និងបម្រុងនៃក្រុមប្រឹក្សាក្រុងបូកគោ ដោយកំណត់យកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង អាណត្តិទី១ ឆ្នាំ២០២១ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងបរិវេណសាលាបឋមសិក្សារលួស ស្ថិតក្នុងភូមិរលួស ឃុំបឹងទូក ស្រុកទឹកឈូ ហើយគណបក្សប្រជាជនកម្ពុជា គឺមានលំដាប់លេខរៀងទី៣ ក្នុងសន្លឹកឆ្នោត។

ពិធីបង្ហាញបេក្ខជនពេញសិទ្ធិ និងបម្រុងនៃក្រុមប្រឹក្សាក្រុងបូកគោ បានធ្វើឡើងក្រោមលោក ជាវ តាយ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ ដោយចុះជួបសំណេះសំណាល ជាមួយសមាជិក សមាជិកាគណបក្សពាក់ព័ន្ធ និងបង្ហាញបេក្ខជនពេញសិទ្ធិ និងបម្រុងក្រុមប្រឹក្សាក្រុងបូកគោ អាណត្តិទី១ ឆ្នាំ២០២១ នៅស្នាក់ការគណបក្ស ប្រជាជនកម្ពុជា សង្កាត់ បឹងទូក ក្រុងបូកគោ។ ដោយចូលរួម ពីលោក ជឹង ផល្លា អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈប្រចាំការគណៈកម្មាធិការគណបក្សខេត្ត រួមនឹង សមាជិក សមាជិកាគណបក្សពាក់ព័ន្ធ ជាច្រើនរូប។

ក្នុងឱកាសនោះលោក ជាវ តាយ បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ជូនដល់សមាជិក សមាជិកា នៃអង្គពិធីទាំងមូល។

លោក ជាវ តាយ បានបញ្ជាក់ថា ជានិច្ចកាល សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចពញាចក្រី ហេង សំរិន និងថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា តែងតែយកចិត្តទុកដាក់ ពីសុខទុក្ខរបស់សមាជិក សមាជិកាគណបក្ស និងប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងជំរុញការអភិវឌ្ឍន៍មូលដ្ឋាន ឱ្យបានរីកចម្រើនជាបន្តបន្ទាប់។

លោក ជាវ តាយ បានបន្តថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ គឺសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថាគណបក្សប្រជាជនកម្ពុជា នឹងទទួលបានជ័យជម្នះ។

គួររំលឹកថា៖ បេក្ខជនឈរឈ្មោះជាក្រុមប្រឹក្សាក្រុងបូកគោ ពេញសិទ្ធិ មានចំនួន១៣នាក់ និងបំរុង មានចំនួន ១៥នាក់ និងអង្គបោះឆ្នោតចំនួន ១៧នាក់ ក្នុងសង្កាត់ទាំងបី រួមមាន៖ សង្កាត់បឹងទូក សង្កាត់កោះតូច និងសង្កាត់ព្រែកត្នោត។

ក្រុងបុកគោ ត្រូវកាត់ចេញពីស្រុកទឹកឈូ ខេត្តកំពត តាមអនុក្រឹត្យលេខ៣៨ អនក្រ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ដោយ រួមមានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងចំនួន៤៖

*ទី១៖ គណបក្សប្រជាជនកម្ពុជា
*ទី២៖ គណបក្សយុវជនកម្ពុជា
*ទី៣៖ គណបក្សសញ្ជាតិកម្ពុជា
និងទី៤៖ គណបក្សហ៊្វុនស៊ិនប៉ិច៕