(ភ្នំពេញ)៖ លោក អ៊ុំ សារឹទ្ធ អគ្គលេខាព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែកក្ដដា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ជំនួយ និងការគាំទ្ររបស់ចិន បានរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយឱ្យកម្ពុជាថែរក្សាអធិបតេយ្យភាព សន្តិសុខ និងស្ថិរភាពនយោបាយក្នុងប្រទេស។

ការបញ្ជាក់បែបនេះ របស់លោក អ៊ុំ សារឹទ្ធ បានធ្វើឡើងនៅក្នុងឱកាសអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានរៀបចំកម្មវិធីកិច្ចសន្ទនាអនឡាញ ស្តីពីខួប៦៣ឆ្នាំទំនាក់ទំនងការទូតកម្ពុជា-ចិន នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។

នាឱកាសនោះដែរ លោក អ៊ុំ សារឹទ្ធ បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុតក្នុងឱកាសដ៏វិសេសវិសាលនៃខួបលើកទី៦៣ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន។ លោកក៏បានរំលឹកអំពីទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ កម្ពុជា និងចិន ដែលត្រូវបានបង្កើតឡើងដោយសម្ដេចព្រះបរមរតនកោដ្ឋ និងលោក ជូ អេនឡាយ អតីតនាយករដ្ឋមន្ដ្រី នៃសាធារណរដ្ឋប្រជាមានិតចិន។

អគ្គលេខាធិការព្រឹទ្ធសភារូបនេះ បានលើកឡើងថា ចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា និងចិន បានបង្ហាញឱ្យឃើញតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចយ៉ាងញឹកញាប់រវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។ ប្រទេសចិនតែងចាត់ទុកទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិនគឺជាទំនាក់ទំនងដែកថែប ដែលមិនមានអ្នកណាអាចបំបែកបាន។ ប្រទេសកម្ពុជាតែងប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ ហើយបានគាំទ្រនូវគំនិតផ្តួចផ្តើម «ខ្សែក្រវាត់មួយផ្លូវមួយ» «មូលនិធិផ្លូវសូត្រ» និង «ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី» បង្កើតឡើងដោយសាធារណរដ្ឋប្រជាមានិតចិន ដែលជាយុទ្ធសាស្ត្រនយោបាយការទូត និងសេដ្ឋកិច្ច ដើម្បីពង្រឹងភាពជាដៃគូ និងជំរុញការអភិវឌ្ឍរវាងប្រទេសក្នុងតំបន់ខែ្ស ក្រវ៉ាត់ និងផ្លូវសូត្រ តាមរយៈការតភ្ជាប់ផ្លូវគោក ផ្លូវទឹក និងផ្លូវដែក ដើម្បីបង្កើនការវិនិយោគ ការដឹកជញ្ជូន ការផ្លាស់ប្តូរប្រជាជន និងវប្បធម៌ជាដើម។ ការវិនិយោគរបស់ចិនដោយផ្ទាល់នៅកម្ពុជា បានរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

បន្ថែមពីនេះ លោក អ៊ុំ សារឹទ្ធ បានបញ្ជាក់ថា៖ «សាធារណរដ្ឋប្រជាមានិតចិន បានក្លាយជាប្រទេសធំជាងគេដែលបានផ្តល់់ជំនួយអភិវឌ្ឍ ប្រាក់កម្ចី និងហិរញ្ញប្បទានឥតសំណងជាច្រើនដល់ប្រទេសកម្ពុជា។ ជំនួយ និងការគាំទ្ររបស់ប្រទេសចិនដល់ប្រទេសកម្ពុជា បានរួមចំណែកយ៉ាងសំខាន់មិនអាចខ្វះបានក្នុងការជួយឱ្យកម្ពុជាថែរក្សាបាននូវអធិបតេយ្យភាព សន្តិសុខ និងស្ថិរភាពនយោបាយក្នុងប្រទេស។ ថ្មីៗនេះផងដែរ ក្នុងកាលៈទេសៈដ៏លំបាកនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ប្រទេសចិនបានបន្តជួយដល់ប្រទេសកម្ពុជាតាមរយៈការផ្តល់ជំនួយជាវ៉ាក់សាំង និងបរិក្ខាពេទ្យជាច្រើនជាបន្តបន្ទាប់ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ»

លោកបានគូសបញ្ជាក់ថា សាធារណរដ្ឋប្រជាមានិតចិន គឺជាប្រទេសធំជាងគេទី១ ដែលបានផ្តល់ជំនួយដល់ព្រឹទ្ធសភាកម្ពុជា ចាប់តាំងពីព្រឹទ្ធសភាកម្ពុជាត្រូវបានបង្កើតឡើងនៅខែមីនា ឆ្នាំ១៩៩៩ មានជាអាទិ៍៖ អគារខុទ្ទកាល័យថ្នាក់ដឹកនាំព្រឹទ្ធសភា អគារការិយាល័យសមាជិកព្រឹទ្ធសភា បណ្ណាល័យ សម្ភារ បរិក្ខារការិយាល័យ មធ្យោបាយដឹកជញ្ជូន ការអភិវឌ្ឍធនធានមនុស្ស និងការជុសជុលកែលម្អហេដ្ឋារចនា សម្ព័ន្ធមូលដ្ឋាន។ ជំនួយដ៏ថ្លៃថ្លារបស់ប្រទេស និងប្រជាជនចិនជូនព្រឹទ្ធសភា ពិតជាបានលើកកម្ពស់កិត្យានុភាព និងកិត្តិយសរបស់ព្រឹទ្ធសភាក្នុងនាមជាអង្គការនីតិប្បញ្ញត្តិរបស់ជាតិ។

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមសម្តែងអំណរគុណ និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយខាងលើនេះ។ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបាននិងកំពុងប្រើប្រាស់ជំនួយទាំងនេះប្រកបដោយប្រសិទ្ធភាព ជាមួយនឹងការថែទាំប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។

ចំពោះកិច្ចសហប្រតិបត្តិការសភាក្នុងក្របខ័ណ្ឌទេ្វភាគី អង្គនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរតែងបន្តពូនជ្រុំ និងពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការឥតឈប់ឈរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ព្រឹទ្ធសភាកម្ពុជា និងសភាប្រឹក្សានយោបាយប្រជាជនចិន។ ក្រៅពីនេះ ក្នុងក្របខ័ណ្ឌពហុភាគី សភានៃប្រទេសទាំងពីរតែងមានការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាតំបន់ និងអន្តរជាតិ។

ទន្ទឹមនឹងនេះដែរ លោក អ៊ុំ សារឹទ្ធ មានជំនឿយ៉ាងមុតមាំថា សាធារណរដ្ឋប្រជាមានិតចិន តាមរយៈស្ថានទូតចិន នៅព្រះរាជាណាចក្រកម្ពុជា នឹងបន្តជួយព្រឹទ្ធសភាកម្ពុជា ក្នុងនីតិកាលទី៥ ខាងមុខទៀត ជាពិសេសលើការអភិវឌ្ឍធនធានមនុស្ស ការកសាងសាលប្រជុំព្រឹទ្ធសភាថ្មី ការអភិវឌ្ឍប្រព័ន្ធព័ត៌មានវិទ្យាទំនើប និងការកសាងបណ្ណាល័យព្រឹទ្ធសភាជាបណ្ណាល័យ Digital។

ជាមួយគ្នានេះ អគ្គលេខាធិការព្រឹទ្ធសភា «មានជំនឿជឿជាក់ថា ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងកាន់តែសកម្ម និងពង្រឹងពង្រីកឡើងថែមទៀត ក្រោយពេលបញ្ចប់កូវីដ១៩»

សូមជម្រាបថា កិច្ចសន្ទនាអនឡាញ ស្តីពីខួប៦៣ឆ្នាំ ទំនាក់ទំនងការទូតកម្ពុជា-ចិននេះ ប្រព្រឹត្តទៅរយៈពេលមួយព្រឹក ក្រោមការសហការរៀបចំដោយអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ដោយមានវាគ្មិនចូលរួមចំនួន០៥រូប រួមមាន៖

*ទី១៖ មតិស្វាគមន៍របស់ឯកឧត្តម ឈឹម ព្រះខ័ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ
*ទី២៖ បទអន្តរាគមន៍របស់តំណាងស្ថានទូតចិនប្រចាំកម្ពុជា
*ទី៣៖ បទបង្ហាញរបស់លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ស្តីពីការរួមចំណែកថែរក្សាមិត្តភាពកម្ពុជា-ចិនឱ្យឋិតថេរចីរកាល
*ទី៤៖ បទបង្ហាញរបស់ឯកឧត្តម ឈឹម សុទ្ធគុណ អគ្គនាយកពិធីការ និងទំនាក់ទំនងអន្តរជាតិ ស្តីពីសមិទ្ធផលនៃទំនាក់ទំនងរវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងស្ថានទូតចិនប្រចាំកម្ពុជា
និង៥៖​ បទបង្ហាញរបស់លោក ZHANG YaOWu ប្រធានមូលនិធិដើម្បីសន្តិភាព និងការអភិវឌ្ឍប្រចាំកម្ពុជា ស្តីពីការចូលរួមចំណែករបស់សង្គមស៊ីវិលចិនក្នុងការអភិវឌ្ឍសង្គមកម្ពុជា៕