(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនមិត្តិភាពកម្ពុជា វៀតណាម បានប្រគល់ថវិកាចំនួន៥ម៉ឺនដុល្លារ របស់សមាគមមិត្តភាពកម្ពុជា-វៀតណាម ជូនដល់លោក វ៉ូ ក្វាងម៉ិញ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកម្ពុជា ដើម្បីបញ្ជូនទៅឲ្យសមាគមមិត្តភាពវៀតណាម-កម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។

លោកស្រី ម៉ែន សំអន ក៏បាននាំនូវការសាកសួរទុក្ខ និងរំលែកនូវទុក្ខលំបាកពីសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាម នៅក្នុងគ្រាដ៏លំបាកនេះ តាមរយៈលោកអគ្គរដ្ឋទូតវៀតណាម និងបានរំលឹកពីអំណោយរបស់វៀតណាម តាមរយៈថ្នាក់ដឹកនាំកំពូលៗ និងសមាគមមិត្តភាពវៀតណាម-កម្ពុជា ដែលបានជួយកម្ពុជាក្នុងគ្រាមានគ្រោះ នៃជំងឺកូវីដ១៩កន្លងមក។

ជាការឆ្លើយតប លោកក៏បានថ្លែងកោតសសើរ នូវចំណាត់ការដ៏មានប្រសិទ្ធភាពដឹកនាំលើវិស័យសុខាភិបាលរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ទាំងយុទ្ធសាស្ត្រការពារ និងយុទ្ធសាស្ត្រចាក់វ៉ាក់សាំងមនុស្សពេញវ័យ រហូតដល់យុវវ័យចន្លោះ១២-១៧ឆ្នាំ ដែលនឹងត្រូវចាក់នាពេលខាងមុខនេះ។ លោកបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែជួយដល់ប្រទសវៀតណាមគ្រប់ដំណាក់កាល និងគ្រប់កាលៈទេសៈ។

ជាពិសេស នៅព្រឹកនេះជំនួយរបស់កម្ពុជា បានទៅដល់ប្រទសវៀតណាមបានធ្វើពិធីប្រគល់ និងទទួល ចំណែកឯអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏ត្រូវបានប្រគល់ និងទទួលនៅស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជាផងដែរ។

លោកបន្តទៀតថា វៀតណាមគួររៀនសូត្របទពិសោធន៍ល្អៗពីកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ពីការឆ្លងរីករាលដាល នៃជំងឺកូវីដ នៅក្នុងដំណាក់កាលដែលប្រទេសវៀតណាម កំពុងតែមានការផ្ទុះនូវការឆ្លងទ្រង់ទ្រាយធំ ជាពិសេសនៅទីក្រុងហូជីមិញ។ ជាចុងក្រោយ លោក វ៉ូ ក្វាងម៉ិញ ក៏បានជម្រាបលា ក្នុងពេលដែលលោកបានបញ្ចប់អណត្តិបេសសកម្មការទូតប្រចាំនៅកម្ពុជា នាឱកាសនោះផងដែរ៕