(បន្ទាយមានជ័យ)៖ អ្នកជំងឺកូវីដ១៩ម្នាក់ ដែលជាពលករខ្មែរមកពីប្រទេសថៃ បានរត់គេចពីមណ្ឌលចត្តាឡីស័ក ក្នុងវិទ្យាល័យកូប ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១។ នេះបើតាមការជូនដំណឹងប្រកាសស្វែងរកផ្លូវការ របស់អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។

អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ បានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ ដែលរត់គេចពីកន្លែងធ្វើចត្តាឡីស័កនេះ មានឈ្មោះ ធឿន ប៊ុនពេជ្រ អាយុ ៣០ឆ្នាំ។ បុរសរូបនេះ ជាពលករបម្រើការងារនៅខេត្តឈុនបូរី ប្រទេសថៃ ហើយបានចូលមកប្រទេសកម្ពុជា កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១។

កម្លាំងសមត្ថកិច្ចកំពុងតាមស្វែងរកអ្នកជំងឺកូវីដ១៩រូបនេះ។ អាជ្ញាធរ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានឃើញបុរសរូបនេះ សូមសហការរាយការណ៍ជូនទៅអាជ្ញាធរ ឬសមត្ថកិច្ចមូលដ្ឋានជាបន្ទាន់។

រាជរដ្ឋាភិបាល និងអាជ្ញាធរខ្មែរកំពុងយកចិត្តទុកជាខ្លាំងក្នុងការទប់ស្កាត់កុំឱ្យមានការចម្លងមេរោគកូវីដ១៩ ពីពលករខ្មែរមកពីប្រទេសថៃចូលទៅក្នុងសហគមន៍។ ក្តីបារម្ភរបស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរនោះ ពលករមកពីប្រទេសថៃមួយចំនួនត្រូវបានរកឃើញមេរោគបំប្លែងថ្មី «ដែលតា» ដែលជាមេរោគឆ្លងលឿន និងបង្កទុក្ខទោសដល់សុខភាពខ្លាំង បើធៀបនឹងមេរោគដទៃ។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានអំពាវនាវឱ្យរួមគ្នាទប់ស្កាត់កុំឱ្យមេរោគ «ដែលតា» ឆ្លងចូលក្នុងសហគមន៍ ដែលអាចជាមហន្តរាយមួយសម្រាប់កម្ពុជា។ សម្តេចតេជោ បានណែនាំឱ្យរាល់ពលករខ្មែរមកពីប្រទេសថៃ ត្រូវធ្វើចត្តាឡីស័កនៅខេត្តដែលគេឆ្លងចូលមកនោះតែម្តង៕