(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ បាននាំអំណោយជាគ្រឿងភេសជ្ជៈ និងសម្ភារប្រើប្រាស់ ជូនដល់ក្រុមគ្រូពេទ្យ ដែលកំពុងបំពេញភារកិច្ចព្យាបាលជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងមន្ទីរពេទ្យវិទ្យាល័យព្រះសីហនុ។

តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ថ្នាក់ដឹកនាំខេត្តកំពង់ចាម គិតគូរអំពីការខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យ ដែលកំពុងមមាញឹក ក្នុងការបំពេញភារកិច្ចព្យាបាល ជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ដែលត្រូវបានរកឃើញវិជ្ជមានជំងឺនេះជាបន្តបន្ទាប់រៀងរាល់ថ្ងៃ។

ដូច្នោះហើយទើបលោក អ៊ុន ចាន់ដា បានផ្ដល់អំណោយជូនដល់ក្រុមគ្រូពេទ្យមន្ទីរពេទ្យមេគង្គកំពង់ចាម និងមន្ទីរពេទ្យវិទ្យាល័យព្រះសីហនុ ក្នុងមន្ទីរពេទ្យ ១ទទួលបាន ទឹកក្រូចចំនួន ២៥កេស, ជែលលាងដៃចំនួន ៥កេស និងម៉ាស ចំនួន ១៥០០០ម៉ាស៕