(ភ្នំពេញ)៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះថា ក្រសួងយុត្តិធម៌ នឹងបន្តធ្វើការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បន្តទៀតក្នុងការរៀបចំកម្មវិធីសិក្សានៅរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ក៏ដូចជាវគ្គបណ្តោះបណ្តាលផ្សេងៗទៀត រួមទាំងសិក្ខាសាលាថ្នាក់ជាតិ និងថ្នាក់តំបន់ ក្នុងការចែករំលែកបទពិសោធន៍ និងចំណេះដឹងគ្នាទៅវិញទៅមក ដើម្បីពង្រឹងសមត្ថភាពចៅក្រមកម្ពុជា ពាក់ព័ន្ធនឹងការដោះស្រាយវិវាទផ្នែកពាណិជ្ជកម្ម បរិស្ថាន និងបម្រែបម្រួលអាកាសធាតុ។

ការឱ្យដឹងបែបនេះ របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានធ្វើឡើងក្រោយបញ្ចប់កិច្ចប្រជុំពិគ្រោះយោបល់ជាមួយប្រធានក្រុមបេសកកម្មនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមប្រព័ន្ធអនឡាញ ស្តីពីគម្រោងជំនួយបច្ចេកទេសការអភិវឌ្ឍសមត្ថភាពប្រព័ន្ធយុត្តិធម៌ និងការពង្រឹងធនធានចំណេះដឹងនៃការវិនិច្ឆ័យលើវិវាទពាណិជ្ជកម្ម វិវាទបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ដោយមានការចូលរួមផងដែរពីរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ និងតុលាការកំពូល។

បើតាមលោក ជិន ម៉ាលីន បានឱ្យដឹងថា ក្រសួងយុត្តិធម៌ បានទទួលជំនួយបច្ចេកទេសពី ADB ក្នុងការពង្រឹងសមត្ថភាពចៅក្រម ជាពិសេសគឺពាក់ព័ន្ធការដោះស្រាយវិវាទផ្នែកពាណិជ្ជកម្ម បរិស្ថាន និងការប្រែប្រួលអាកាសធាតុ។

លោក ជិន ម៉ាលីន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កិច្ចប្រជុំនេះពិភាក្សាពីការអនុវត្តគម្រោងជំនួយបច្ចេកទេសរបស់ ADB នេះ អញ្ចឹងក្រសួងនឹងធ្វើការជាមួយ ADB បន្តទៀតក្នុងការរៀបចំនូវកម្មវិធីសិក្សានៅរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ក៏ដូចជាវគ្គបណ្តោះបណ្តាលផ្សេងៗទៀត រួមទាំងសិក្ខាសាលាថ្នាក់ជាតិ និងថ្នាក់តំបន់ ក្នុងការចែករំលែកបទពិសោធន៍ និងចំណេះដឹងគ្នាទៅវិញទៅមក ដើម្បីពង្រឹងសមត្ថភាពចៅក្រមកម្ពុជា ពាក់ព័ន្ធនឹងការដោះស្រាយវិវាទផ្នែកពាណិជ្ជកម្ម បរិស្ថាន និងបម្រែបម្រួលអាកាសធាតុ»