(ឆ្លូង-ក្រចេះ)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែងទៅកាន់កិច្ចប្រជុំនៃការពិភាក្សាជម្រុញអនុវត្តផែនការ សកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំង ក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ ថា៖ «យើងទាំងអស់គ្នាជាមន្ត្រីគណបក្ស ដែលកំពុងចូលរួមដោយផ្ទាល់ប្រយុទ្ធទប់ស្កាត់កូវីដ-១៩ ត្រូវយកឱកាសនៃការបំរើផ្តល់សេវាសាធារណៈក្នុងយុទ្ធនាការដ៏ប្តូរផ្តាច់នេះ ដើម្បីផ្សារភ្ជាប់សុខទុក្ខ និងសមានចិត្តជាមួយបងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកដែលរងគ្រោះដោយជម្ងឺឆ្លងរាតត្បាតដ៏កាចសាហាវកូវីដ-១៩»

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ នាសាលប្រជុំគណបក្សស្រុកឆ្លូង ខេត្តក្រចេះ ដោយមានការចូលរួមពីសំណាក់អ្នកតំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ លោកស្រី អស់លោកជាប្រធាន អនុប្រធាន សមាជិកក្រុមការងារស្រុក ឃុំ លោកប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាល អភិបាលរងខេត្ត លោកស្រី អស់លោកជាមេឃុំទាំង៨ មេភូមិទាំង៤៨ និងមន្ត្រីមូលដ្ឋានមួយចំនួន សរុបអ្នកចូលរួមមានប្រមាណ ៨០នាក់។

លោករដ្ឋមន្ត្រីប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែងបញ្ជាក់ដោយជំនឿជាក់បន្ថែមទៀតថា ប្រការដែលមន្ត្រីយើងប្រកាន់ខ្ជាប់ជានិច្ចនូវឧត្តមគតិ និងសារជាតិរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការរស់នៅ និងបំរើការងារតាមគន្លងប្រក្រតីភាពថ្មីនៃបរិបទកូវីដ-១៩ ប្រាកដជាជម្រុញចលនាជាតិ ក្រោមមគ្គុទ្ទេសក៏ដ៏រឹងមាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីកម្ពុជា ប្រយុទ្ធឈ្នះកូវីដ-១៩ រក្សាប្រៀប និងកំលាំងនយោបាយរបស់យើង ឈានទៅដណ្តើមបានជ័យជំនះក្នុងការបោះឆ្នោតពេលខាងមុខ នាឆ្នាំ២០២២ និង២០២៣ ជាក់ជាមិនខាន៕