(ភ្នំពេញ)៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នៅរសៀលថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ បានឡាយព្រះហស្ថលេខាដកតំណែងលោក ឌុច សុវណ្ណារី ចេញពីរដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។

ព្រះមហាក្សត្របានឡាយព្រះហស្ថលេខាដកតំណែងលោក ឌុច សុវណ្ណារី ធ្វើឡើងតាមការទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃនេះបានបង្ហាញការខឹងសម្បាជាខ្លាំងចំពោះលោក ឌុច សុវណ្ណារី ដែលបានបង្ហោះសារផ្ចាញ់ផ្ចាលចំពោះសពរបស់លោក ហុង ថែម។

លោក ហុង ថែម បានទទួលមរណភាពនៅថ្ងៃទី១៤ ខែកក្កដា ក្នុងជន្មាយុ ៨៦ឆ្នាំដោយជរាពាធ។ លោក ឌុច សុវណ្ណារី អតីតរដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច មិនត្រឹមតែមិនចូលរួមរំលែមណទុក្ខចំពោះមរណភាពរបស់លោក ហុង ថែម នោះឡើយ ហើយថែមទាំងបង្ហោះសារផ្ចាញ់ផ្ចាលថែមទៀត។

លោក ឌុច សុវណ្ណារី បានបង្ហោះលើហ្វេសប៊ុកយ៉ាងដូច្នេះ «ថ្ងៃនេះ ខ្ញុំបានទទួលដំណឹងថា មនុស្សម្នាក់ដែលតែងតែអគតិចំពោះកូនចៅក៏ដូចជារូបខ្ញុំ បានលាចាកលោកទៅហើយ។ ខ្ញុំមិនបានចូលរួមជូនដំណើរទេ ហើយក៏សូមអហោសកម្មជូនគាត់ ហើយសូមបួងសួង បើជាតិក្រោយគាត់មានសំណាង បានកើតជាមនុស្ស សូមឲ្យមានចិត្តទូលាយ ដឹងខុស ដឹងត្រូវជាងនេះ កុំត្រចៀកស្រាលដូចជាតិនេះទៀត»

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញខកចិត្តជាខ្លាំងចំពោះទង្វើរបស់លោក ឌុច សុវណ្ណារី និងបានចាត់ទុកជាទង្វើខ្វះនូវគុណធម៌ ដែលមិនសមជាថ្នាក់ដឹកនាំនៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចនោះឡើយ។

សម្តេចតេជោ បានបញ្ជាក់លើហ្វេសប៊ុកយ៉ាងដូច្នេះ «ខ្ញុំមិននឹកស្មានដល់សោះថាខ្ញុំមានមន្ត្រីមួយរូបថ្នាក់រដ្ឋលេខាធិការ បង្ហោះសារផ្ជាញ់ផ្ចាលចំពោះសព សូម្បីតែលោកជំទាវ ម៉ែន សំអន សុំឱ្យដកចេញក៏មិនព្រមដកដែរ។ ខ្ញុំមិនអាចទុក លោក ឌុច សុវណ្ណារី ឱ្យនៅជារដ្ឋលេខាធិការក្រសួងបានតទៅទៀតទេ គឺត្រូវដកចេញពីតំណែងព្រោះលោកមិនសាកសម្យជាមន្ត្រីដឹកនាំទៀតដោយខ្វះគុណធម៌»

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា លោក ហុង ថែម ជាមន្ត្រីមួយរូបបានរួមចំណែកកសាងប្រទេសតាំងពីបាតដៃទទេនាឆ្នាំ១៩៧៩។ សម្តេចតេជោ ក៏បានបានចូលរួមរំលែកមរណទុក្ខចំពោះមរណភាពនេះ តាមរយៈលោកស្រី ម៉ែន សំអន ចំពោះមរណភាពនេះផងដែរ៕