(ភ្នំពេញ)៖ កម្មវិធី ពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា ឆ្នាំ២០២១ (CICTA21) បានចាប់ផ្តើមបើកទទួលពាក្យចុះឈ្មោះប្រកួតប្រជែងស្នាដៃ ច្នៃប្រឌិតឌីជីថល ដើម្បីទទួលពានរង្វាន់ល្អបំផុតប្រចាំឆ្នាំថ្នាក់ជាតិនៅកម្ពុជា ចាប់ពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។

កម្មវិធីនេះ រៀបចំឡើងដោយ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (អតីតវិទ្យាស្ថានជាតិ NIPTICT) ដោយមានការគាំទ្រពី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

តើអ្វីទៅជាពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា? កម្មវិធីពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា (Cambodia ICT Awards ហៅកាត់ថា CICTA) គឺជាកម្មវិធីពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព៌ត័មានថ្នាក់ជាតិធំជាងគេបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានរៀបចំតាំងពីឆ្នាំ២០១៥។

កម្មវិធីនេះ មានគោលបំណងជំរុញការធ្វើបរិវត្តកម្ម ឌីជីថលប្រកបដោយបរិយាបន្ន ដោយលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងនវានុវត្តន៍ឌីជីថលនៅកម្ពុជា តាមរយៈការផ្តល់ពានរង្វាន់ដល់ស្ថាប័ន និងសហគ្រិននូវ៖

* ការទទួលស្គាល់ (Recognition)៖ ផ្តល់ការទទួលស្គាល់ថ្នាក់ជាតិ ដល់សមិទិ្ធផល ស្នាដៃ ច្នៃប្រឌិត និងជោគជ័យនានា លើនវានុវត្តន៍ឌីជីថល នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

* ការលើកទឹកចិត្ត (Motivation)៖ ផ្តល់ការលើកទឹកចិត្ត ដល់ស្ថាប័នរដ្ឋ សហគ្រាស ធុរកិច្ចថ្មី អង្គការ និងស្ថាប័នពាក់ព័ន្ធនានា ក្នុងការប្រើប្រាស់ បច្ចេកវិទ្យា និងនវានុវត្តន៍ឌីជីថល

* ការលើកកម្ពស់ (Promotion)៖ លើកកម្ពស់ការយល់ដឹងពីបច្ចេកវិទ្យាឌីជីថល ក្នុងស្រទាប់សាធារណជន និងជួយកាត់បន្ថយគម្លាតឌីជីថល នៅក្នុងសហគមន៍ធុរកិច្ច និងរវាងប្រជាជនដែលរស់នៅតាមបណ្តាខេត្តនិងក្នុងទីក្រុងដែលជាកត្តារួមចំណែកក្នុងការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា។

* ការផ្តល់ឱកាស (Opportunity)៖ ផ្តល់ឱកាសដើម្បីបង្ហាញនូវស្នាដៃ សមិទិ្ធផល ជោគជ័យនានា អំពីនវានុវត្តន៍ឌីជីថល ជាមួយនឹងឱកាសវិនិយោគ និងដើម្បីក្លាយជាតំណាងរបស់កម្ពុជា ក្នុងការចូលរួមប្រកួតប្រជែងពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ថ្នាក់តំបន់ និងសកល។

ក្រសួង-ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល អាចដាក់ពាក្យចូលជាបេក្ខភាពពានរង្វាន់ Cambodia ICT Awards 2021 ដែលមាន ពានរង្វាន់ចំនួន ៦ ប្រភេទដូចខាងក្រោម៖

* សេវារដ្ឋាភិបាលឌីជីថល ល្អបំផុតប្រចាំឆ្នាំ (Best Digital Government Service of the Year) សំដៅលើផលិតផល សេវាកម្ម ឬស្នាដៃរបស់ «ក្រសួង-ស្ថាប័នរដ្ឋ» ដែលបានអភិវឌ្ឍដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល សម្រាប់ជាមធ្យោបាយក្នុងការផ្តល់សេវាសាធារណៈ ក្នុងគោលដៅពង្រឹង ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងសាធារណជន។

* ស្ថាប័ននវានុវត្តន៍ឌីជីថល ល្អបំផុតប្រចាំឆ្នាំ (Best Digital Innovation Organization of the year) សំដៅលើផលិតផល សេវាកម្ម ឬស្នាដៃ របស់ក្រុមហ៊ុនឬស្ថាប័ន ដែលបានច្នៃប្រឌិត និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញប្រសិទ្ធភាពអាជីវកម្មឬសហគ្រាសរបស់ខ្លួនឱ្យកាន់តែ ល្អប្រសើរ ដោយផ្គត់ផ្គង់នូវផលិតផល និងសេវាកម្មថ្មីៗ ដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារ។

* បច្ចេកវិទ្យានវានុវត្តន៍សង្គម ល្អបំផុតប្រចាំឆ្នាំ (Best Social Innovation Technology of the year) សំដៅលើផលិតផល សេវាកម្ម ឬស្នាដៃរបស់ ក្រុមហ៊ុនឬស្ថាប័ន ដែលបានច្នៃប្រឌិត និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីបម្រើផលប្រយោជន៍ដល់សង្គម និងរួមចំណែកអភិវឌ្ឍន៍ដល់ សេដ្ឋកិច្ចរបស់សហគ្រាសសង្គម ។

* មាតិកាឌីជីថល ល្អបំផុតប្រចាំឆ្នាំ (Best Digital Content of the year) សំដៅលើផលិតផល សេវាកម្ម ឬស្នាដៃរបស់ក្រុមហ៊ុនឯកជន ឬអង្គការក្រៅ រដ្ឋាភិបាល ដែលបានច្នៃប្រឌិត និងប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើតជាមាតិកាឌីជីថលផ្សេងៗ ដូចជា វីដេអូ ហ្គេម មេរៀន ឯកសារជាសម្លេង -ល- ដែលអាចរួមចំណែក លើកកម្ពស់ការផ្តល់នូវចំណេះដឹង ការកំសាន្ត និងដោះស្រាយបញ្ហាផ្សេងៗ របស់ប្រជាពលរដ្ឋ សាធារណជន និងសង្គម។

* ការស្រាវជ្រាវ និងអភិវឌ្ឍន៍ឌីជីថល ល្អបំផុតប្រចាំឆ្នាំ (Best Digital R&D of the year) សំដៅលើផលិតផល សេវាកម្ម ឬស្នាដៃរបស់ ក្រុមហ៊ុន ឬ ស្ថាប័ន ដែលមានស្នាដៃក្នុងការងារស្រាវជ្រាវ និងអភិវឌ្ឍន៍ ក្នុងវិស័យ បច្ចេកវិទ្យាឌីជីថល ដូចជាការរកឃើញ រូបមន្តថ្មី វិធីសាស្ត្រថ្មី វិធានថ្មី ការបង្កើតថ្មី។ល។

* ធុរកិច្ចថ្មីឌីជីថល ល្អបំផុតប្រចាំឆ្នាំ (Best Digital Startup of the year) សំដៅលើផលិតផល សេវាកម្ម ឬស្នាដៃរបស់ធុរកិច្ចថ្មីឌីជីថល ដែលមាន អាយុមិនលើសពី ៣ឆ្នាំ ដោយរាប់ចាប់ពីថ្ងៃ ចុះបញ្ជីពាណិជ្ជកម្មជាផ្លូវការ។ ធុរកិច្ចថ្មីឌីជីថល ត្រូវតែជាក្រុមហ៊ុន ដែលបានបង្កើតសមិទ្ធិផលថ្មី ជាមួយគំនិតនវានុវត្តន៍ថ្មី ដោយប្រើបច្ចេកវិទ្យាឌីជីថល។

តើនរណាខ្លះអាចចូលរួមបាន? លក្ខខណ្ឌនៃការចូលរួម៖

* ជាក្រសួង-ស្ថាប័នរដ្ឋ ក្រុមហ៊ុន ឬអង្គការ ដែលបានចុះបញ្ជី និងមានអាជ្ញាប័ណ្ណត្រឹមត្រូវ ស្របទៅតាមច្បាប់ព្រះរាជាណាចក្រកម្ពុជា
* ម្ចាស់ក្រុមហ៊ុន ត្រូវមានសញ្ជាតិខ្មែរ ឬមានលំនៅដ្ឋានអចិន្ត្រៃយ៍ក្នុងព្រះរាជាណាចក្រកម្ពុជា
* ផលិតផល ត្រូវតែមានកម្មសិទ្ធិបញ្ញា ដោយក្រុមហ៊ុនឬស្ថាប័នសាមីផ្ទាល់ និងអភិវឌ្ឍន៍ ឬបង្កើតឡើងដោយប្រើប្រាស់ធនធានយ៉ាងហោចណាស់៥១% នៅក្នុងកម្ពុជា
* សម្រាប់ធុរកិច្ចថ្មីឌីជីថល (Digital Startups) ត្រូវមានអាយុមិនលើសពី ៣ឆ្នាំ ដោយរាប់ចាប់ពីថ្ងៃចុះបញ្ជីពាណិជ្ជកម្មជាផ្លូវការ
* ក្រុមហ៊ុនដែលក្ស័យធន មិនត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងកម្មវិធីនេះបានឡើយ

ក្រសួង-ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល សហគ្រិន ឬធុរកិច្ចថ្មីឌីជីថល ដែលត្រូវនឹងលក្ខខណ្ឌដូចខាងលើ និងមានបំណងចូលរួមប្រកួតប្រជែងកម្មវិធី CICTA21 អាចដាក់ពាក្យ តាមរយៈតំណរ៖ http://cambodiaictawards.com

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០១២ ៣១៦ ៧៨១ ឬអ៊ីមែល : [email protected]