(ភ្នំពេញ)៖ អតីតតំណាងរាស្រ្តអតីតគណបក្សសង្គ្រោះជាតិ លោក ជា ប៉ូច នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសារអបអរសាទរ និងគាំទ្រពេញទំហឹងចំពោះផែនការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់ក្មេងអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។

តាមសារជាសំឡេងពិសេសមួយនាព្រឹកមិញ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដាក់ចេញផែនការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ជូនដល់ក្មេងចាប់ពីអាយុ ១២ឆ្នាំ ដល់ ១៧ឆ្នាំ ដើម្បីបង្កើតភាពស៉ាំក្នុងសង្គម និងឈានទៅដល់ការបើកសកម្មភាពសង្គមឱ្យកាន់តែទូលាយ ជាពិសេសការបើកសាលារៀនឡើងវិញ។

ជាមួយផែនការរបស់ប្រមុខរាជរដ្ឋាភិបាលខាងលើនេះ លោក ជា ប៉ូច ដែលគេដឹងថាជាអតីតតំណាងរាស្រ្តមណ្ឌលកំពតរបស់អតីតគណបក្សសង្គ្រោះជាតិ បានចេញមកអបអរសាទរ និងគាំទ្រយ៉ាងដូច្នេះថា «ខ្ញុំព្រះករុណា ខ្ញុំគាំទ្រសេចក្តីសំរេចរបស់សម្តេច ដែលអនុញ្ញាតឲ្យកុមារនឹងយុវវ័យ អាយុ១២ឆ្នាំ ទៅ១៧ឆ្នាំ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩»

ក្នុងសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងជូនក្មេងអាយុចាប់ពី ១២ឆ្នាំ ទៅ ១៧ឆ្នាំនេះ ជាចំណុចពិសេសក្នុងការបើកដំណើរការសង្គមឡើងវិញ ជាពិសេសការសិក្សានៅតាមសាលារៀន ដែលយ៉ាងហោចណាស់ចាប់ពីថ្នាក់អនុវិទ្យាល័យឡើង៕