(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ថ្ងៃទី១ នៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត មានគណបក្សនយោបាយចំនួន២ ក្នុងចំណោម គណបក្ស នយោបាយទាំង៤ បានធ្វើសកម្មភាពឃោសនាគោលនយោបាយរបស់ខ្លួន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ។

បើតាមសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា គណបក្សនយោបាយទាំង ២នោះ រួមមាន៖

*ទី១៖ គណបក្សប្រជាជនកម្ពុជា មានរថយន្ត ចំនួន ៧០គ្រឿង និងម៉ូតូចំនួន ៣០គ្រឿង និងសរុបអ្នកចូលរួមមានចំនួន ២០០នាក់
*ទី២៖ គណបក្សសញ្ជាតិកម្ពុជា មានរថយន្ត ចំនួន២គ្រឿង និងម៉ូតូចំនួន៥គ្រឿង សរុបអ្នកចូលរួមមានចំនួន ២០នាក់។

លោកបណ្ឌិត តែ ជិនណារិទ្ធ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត ដែលបានចូលរួមឃ្លាំមើលសកម្មភាពឃោសនានៅថ្ងៃនេះ បានឱ្យដឹងថា អ្នកចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតបានអនុវត្ត និងគោរពតាមវិធានការបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ១៩ តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលបានយ៉ាងល្អ។ លោកបានបន្តថា សកម្មភាពឃោសនាប្រព្រឹត្តទៅដោយរលូន មានសណ្តាប់ធ្នាប់ និងបានទៅដល់គោលដៅដែលបានកំណត់ដោយសន្តិវីធី។

សូមបញ្ជាក់ថា ការឃោសនាបោះឆ្នោតរយៈពេល ៨ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី១៦ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ៦៖០០ព្រឹក ដល់ម៉ោង ១០៖០០យប់។ គ្រប់សកម្មភាពឃោសនាបោះឆ្នោតត្រូវបញ្ចប់ ២៤ម៉ោង មុនថ្ងៃបោះឆ្នោត។ ចំពោះការរៀបចំក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទនៅក្នុងមណ្ឌលត្រូវកំណត់ ២ដង ក្នុងអំឡុងពេលឃោសនាបោះឆ្នោត៕