(បន្ទាយមានជ័យ)៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចុះពិនិត្យទីតាំងត្រៀមចាក់វ៉ាក់សាំងជូនអាជីវករលក់ដូរ ក្នុងផ្សារុងក្លឿ ខេត្តស្រះកែវ ប្រទេសថៃ ជាប់ច្រកទ្វាអន្តរជាតិប៉ោយប៉ែត ដើម្បីបញ្ជៀសការឆ្លងមេរោគកូវីដ១៩ ដ៏សាហាវ។

លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅក្នុងឱកាសនោះ បានថ្លែងថា ក្រុមគ្រូពេទ្យជួរមុខខេត្ត បានរកឃើញមេរោគកូវីដ១៩បំប្លែងថ្មី Delta កើតលើពលករខ្មែរដែលវិលមកពីប្រទេសថៃមានចំនួន៤នាក់មកហើយ។ មកទល់ពេលនេះ ស្ថានភាព នៃការឆ្លង និងរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងខេត្តបន្ទាយមានជ័យ បានកើតមានរាយប៉ាយពាសពេញទាំងក្រុងប៉ោយប៉ែត ក្រុងសិរីសោភ័ណ និងតាមស្រុក៧ទៀតផងដែរ។

លោកអភិបាលខេត្ត បានបន្ដថា យុទ្ធនាការនៃការចាក់វ៉ាក់សាំងជូនបងប្អូនអាជីវករ លក់ដូរនៅផ្សាររុងក្លឿ ខេត្តស្រះកែវ ជាការគិតគូរពីសំណាក់ប្រមុខថ្នាក់ដឹកនាំដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលសម្តេចបានខិតខំគ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំង និងបានដាក់ចេញវិធានការសម្រាប់ចាក់ជូនប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា ដើម្បីការពារពីការចម្លងជំងឺកូវីដ១៩ ចូលក្នុងខ្លួនយើង និងសហគមន៍។

ក្នុងឱកាសនោះដែរលោកបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់រស់ក្នុងខេត្តបន្ទាយមានជ័យ បើមិនមានការចាំបាច់ សូមបងប្អូននៅផ្ទះ ជួបជុំគ្រួសារក្នុងផ្ទះល្អបំផុត។ សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ខេត្ដបន្ទាយមានជ័យ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៦,៦៣២នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៥,២៣៦នាក់ និងស្លាប់សរុបចំនួន៦០នាក់៕