(ភ្នំពេញ)៖ យោងតាមការបញ្ជាក់របស់សមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៉ី នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ បានឲ្យដឹងថា មាននិស្សិតខ្មែរចំនួន ២នាក់ បានបញ្ចប់ការសិក្សាបរិញ្ញាបត្រ ជំនាញនុយក្លេអ៊ែរស៉ីវិលពីប្រទេសរុស្ស៉ី។

សមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៉ី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សូមសម្តែងនូវសេចក្តីរីករាយ និងអបអរសាទរជូនចំពោះលោក កែវ មករា និងលោក កឹម ចាន់ប៉ាលី ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញ Nuclear Power Engineering and Thermal Physics (ជំនាញនុយក្លេអ៊ែរស៉ីវិល) ដោយជោគជ័យពីសាកលវិទ្យាល័យ Peter the Great St.Petersburg Polytechnic University ទីក្រុង St.Petersburg សហព័ន្ធរុស្ស៉ី»

សមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៉ី បានប្រាប់បណ្តាញព័ត៌មាន Fresh News បន្ថែមថា លោក កែវ មករា បានបញ្ចប់ការសិក្សានៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ដែលជាថ្ងៃគាត់បានការពារសារណាបញ្ចប់ការសិក្សា រីឯលោក កឹម ចាន់ប៉ាលី បានបញ្ចប់ការសិក្សានៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១។

សូមបញ្ជាក់ផងដែរថា អ្នកទាំងពីរជានិស្សិតបញ្ចប់ការសិក្សា ជំនាញថាមពលនុយក្លេអ៊ែរស៉ីវិល ជំនាន់ទី០១ នៃគម្រោងអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអាចឈានទៅសម្រេចបានការអភិវឌ្ឍន៍វិស័យថាមពលនុយក្លេអ៊ែរស៉ីវិលនៅកម្ពុជានាពេលខាងមុខ៕