(ភ្នំពេញ)៖ ក្រុមហ៊ុនដាប់ប៊ែលយូខេអិល អេកូអឺស ឥណ្ឌូឆាយណា ឯ.ក បានផ្តល់ជំនួយឧបត្ថម្ភម៉ាស៊ីនបន្សុទ្ធខ្យល់កម្ចាត់មេរោគ «e-COND LIFE» ចំនួន៣គ្រឿង និងទឹកបន្តក់កម្ចាត់មេរោគ «INCU++29» មួយចំនួន ជូនដល់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា។

ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែកក្តដា ឆ្នាំ២០២១នេះ នាទីស្តីការក្រសួងសុខាភិបាល ក្រោមអធិបតីភាព លោកស្រី យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាល និងចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំ នៃក្រុមហ៊ុនដាប់ប៊ែលយូខេអិល អេកូអឺស ឥណ្ឌូឆាយណា ឯ.ក លោក លឹម តារា សមាជិកក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅប្រទេសកាណាដា និងជានាយកក្រុមហ៊ុន និងលោក Shaun Waits ប្រធានប្រតិបត្តិការក្រុមហ៊ុន។

ក្នុងឱកាសនោះ លោកស្រី យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះជំនួយមនុស្សធម៌ដ៏ថ្លៃថ្លា របស់ក្រុមហ៊ុនដាប់ប៊ែលយូខេអិល អេកូអឺស ឥណ្ឌូឆាយណា ឯ.ក ចំពោះរដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុងការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

បន្ថែមពីនេះ លោកស្រីក៏បានលើកឡើងអំពីការគាំទ្រ ក្នុងការប្រើប្រាស់ផលិតផលម៉ាស៊ីនបន្សុទ្ធខ្យល់កម្ចាត់មេរោគ «e-COND LIFE» និងទឹកបន្តក់កម្ចាត់មេរោគ «INCU++29» នៅក្នុងក្រសួង និងគាំទ្រក្នុងការប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្ម នៅទីតាំងដែលមានលំហូរមនុស្សច្រើន ដូចជាសណ្ឋាគារ ភោជនីយដ្ឋាន ផ្សារទំនើបជាដើម។

គួរបញ្ជាក់ផងដែរថា ម៉ាស៊ីនបន្សុទ្ធខ្យល់កម្ចាត់មេរោគ «e-COND LIFE» ជាម៉ាស៊ីនបន្សុទ្ធខ្យល់ និងកម្ចាត់មេរោគ បច្ចេកវិទ្យាសិង្ហបុរី អាចគ្របដណ្តប់ដល់ទៅ៣០០០ហ្វីតការ៉េ អាចសម្អាតលឿនជាងម៉ាស៊ីនធម្មតាដល់ទៅ៦ដង និងអាចសម្លាប់នូវពពួកប៉ាតេរី មេរោគ និងវីរុសដល់ទៅ៩៩.៩៩% ដែលមានក្នុងបរិយាកាស និងនៅលើផ្ទៃរឹង និងទន់។

ទឹកបន្តក់កម្ចាត់មេរោគ «INCU++29» ជាផលិតផលកាណាដា ដែលផលិតឡើងពីរ៉ែសរី រាង្គកម្រិតអាហារ១០០% មិនប៉ះពាល់សុខភាព ទទួលស្គាល់ដោយ មូលនិធិអនាម័យជាតិ (NSF) និងទីភ្នាក់ងារការពារបរិស្ថាន (EPA) របស់ប្រទេសអាមេរិក សាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំងនៃទីក្រុងប៉េកាំង និងសេវាកម្មវាយតម្លៃវិញ្ញាបនប័ត្រ (ICAS) នៃទីក្រុងសៀងហៃរបស់ប្រទេសចិន វិទ្យាស្ថានសុខាភិបាលនិង វេជ្ជសាស្រ្តសហគមន៍របស់ប្រទេសម៉ាឡេស៊ី ហើយនឹងស្នើសុំការទទួលស្គាល់ពីមន្ទីរពិសោធន៍វេជ្ជសាស្រ្តនៃ វិទ្យាស្ថានប៉ាស្ទ័រក្នុងពេលឆាប់ៗនេះ៕