(ភ្នំពេញ)៖ ក្នុងសប្តារហ៍ទី២ នៃខែកក្កដា ឆ្នាំ២០២១ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជាជូនដល់គោលដៅត្រួតពិនិត្យចរាចរណ៍ និងប៉ុស្តិ៍នគរបាលនានាសរុបចំនួន ២២ គោលដៅក្នុងរាជធានីភ្នំពេញ ខេត្តកែប ខេត្តកំពត និងខេត្តព្រះសីហនុ ដែលជាផ្នែកមួយនៃការបរិច្ចាគប្រចាំខែរបស់យុទ្ធនាការ «ទឹកចិត្តកម្ពុជា»

ចាប់តាំងពីដើមខែកក្កដា រហូតដល់សប្តារហ៍ទី២នេះ ក្រុមហ៊ុនបានបរិច្ចាគដល់គោលដៅសរុបចំនួន ២៩ គោលដៅ ដោយនឹងបន្តបរិច្ចាគដល់គោលដៅផ្សេងៗទៀតរហូតគ្រប់ ១៩៤ គោលដៅនៅទូទាំង ២៥ ខេត្តក្រុង តាមផែនការដែលបានកំណត់។

លោក បណ្ឌិត អ៊ឹម សុធារិទ្ធ មានប្រសាសន៍ថា៖ «ការបរិច្ចាគទឹកបរិសុទ្ធ កម្ពុជាជាប្រចាំខែនេះ មិនត្រឹមតែចូលរួមសម្រាលការលំបាក និងកាត់បន្ថយចំណាយរបស់នគរបាលចរាចរណ៍ និងកងកម្លាំងចម្រុះប៉ុណ្ណោះទេ តែក៏ដើម្បីសំដែងការអរគុណ និងលើកទឹកចិត្តដល់ពួកគាត់ដែលប្រឹងប្រែងទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ទាំងយប់ថ្ងៃ ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋគ្រប់គ្នាផងដែរ»

គួរបញ្ជាក់ថា ក្រៅពីការបរិច្ចាគខាងលើ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» ក៏បានឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា និងភេសជ្ជៈប្រមាណជាង២ម៉ឺនកេស ជូនស្ថាប័នផ្សេងៗ ដើម្បីប្រើប្រាស់ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩៕