(ភ្នំពេញ)៖ ក្រសួងសុខាភិបាល ទទួលអំណោយជាឧបករណ៍ប្រើប្រាស់ សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩ ពីក្រុមហ៊ុន HUADIAN SIHANOUKVILLE POWER GENTERATION CO.,LTD ជាក្រុមហ៊ុន ទទួលសាងសង់គម្រោងអភិវឌ្ឍន៍រោងចក្រអគ្គិសនី ដុតធ្យូងថ្ម៧០០មេហ្គាវ៉ាត់ នៅខេត្ដព្រះសីហនុ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មែនហ្គោ ហ្វាយនែន ភីអិលស៊ី នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ នាទីស្ដីការក្រសួងសុខាភិបាល។

ពិធីប្រគល់-ទទួលនេះ បានធ្វើឡើងក្រោមអធិបតីភាព លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងតំណាងក្រុមហ៊ុនទាំងពីរផងដែរ។

ក្នុងនោះក្រុមហ៊ុន HUADIAN SIHANOUKVILLE POWER GENTERATION CO.,LTD បានផ្ដល់នូវឧបរណ៍សម្ភារបរិក្ខារពេទ្យរួមមាន៖ ម៉ាសចំនួន ១០ម៉ឺន, ម៉ាសN95 ចំនួន ១ម៉ឺនម៉ាស, ឧបករណ៍វាស់កំដៅ ចំនួន ១០០គ្រឿង, ខោអាវការពារចំនួន ២០០០, វែនតាការពារចំនួន ២០០០, កំបាំងការពារមុខចំនួន ២០០០, ស្រោមដៃចំនួន ១ម៉ឺន, អាកុល៧៥% ចំនួន ១០០លីត្រ និងម៉ាស៊ីនវាស់កំដៅដោយកាំរស្មី ចំនួន៤។

ចំណែកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មែនហ្គោ ហ្វាយនែន ភីអិលស៊ី បានផ្ដល់នូវសម្ភារបរិក្ខារប្រើប្រាស់ដល់ក្រសួងសុខាភិបាលដូចជា៖ ម៉ាសពេទ្យចំនួន ៥០០០០ម៉ាស, អាកុល៩៧% ចំនួន ១២០០លីត្រ និងទឹកបរិសុទ្ធចំនួន ១០០កេះ។

ជាមួយគ្នានោះ លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា «អំណោយដ៏ថ្លៃថ្លារបស់ក្រុមហ៊ុនទាំងពីរ ត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាលកម្ពុជា និងមន្រ្តីសុខាភិបាល ព្រមទាំងអ្នករងគ្រោះដោយ ជំងឺកូវីដ-១៩ ក៏បញ្ជាក់ពីការអរគុណសន្ដិភាព»

លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអំណោយ មនុស្សធម៌ដ៏ថ្លៃថ្លារបស់ក្រុមហ៊ុន ដែលនេះជាកាយវិការ នៃវប្បធម៌ចែករំលែកជាមួយរាជ រដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា៕