(តាកែវ)៖ បន្ទាប់បើកយុទ្ធនាការចាក់វ៉ាក់សាំងកាពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅក្នុងស្រុកសំរោង ខេត្តតកែវ ដែលអនុវត្តន៍ដោយក្រុមគ្រូពេទ្យកងទ័ពអាកាស របស់ក្រសួងការពារជាតិ ប្រមាណជាង ៣សប្ដាហ៍កន្លងមក រហូតមកដល់ពេលនេះ គឺសម្រេចបានប្រមាណជា៨០ភាគរយ ឬបានជាង៦ម៉ឺននាក់ ដែលមកចាក់លើកទី២។ នេះបើយោងតាមលោក កេត ម៉ៅ អភិបាលស្រុកសំរោង បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ។

លោក កេត ម៉ៅ បានថ្លែងថា «ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នឹងបញ្ចប់ទៅតាមផែនការដែលបានគ្រោងទុកពោលគឺរយៈពេល២ថ្ងៃទៀត យើងនឹងបិទបញ្ចប់យុទ្ធនាការនេះ»

គួបញ្ជាក់ថា សម្រាប់ស្រុកសំរោង ដែលក្រុមគ្រូពេទ្យកងទ័ពអាកាសរបស់ក្រសួងការពារជាតិ ចុះមកចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ គឺមានប្រជាពលរដ្ឋប្រមាណជាង៩ ម៉ឺននាក់ នឹងត្រូវចាក់ជូន ហើយអាជ្ញាធស្រុកសំរោង បានរៀបចំទីតាំងចំនួន ៦ទីតាំងសម្រាប់ការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋ។

លោក កេត ម៉ៅ អភិបាលស្រុកសំរោង បានប ញ្ជាក់ថា ក្រៅពីប្រជាពលរដ្ឋនៅក្នុងស្រុកសំរោង ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅដែលនឹងទទួលការចាក់វ៉ាក់សាំងនោះ អាជ្ញាធក៏នឹងធ្វើការចាក់ជូនដល់បងប្អូនកម្មកររោងចក្រមួយចំនួន ដែលមកពីស្រុកក្រៅហើយដែលបានមកបម្រើការងារនៅរោងចក្រ នៅក្នុងសំរោង ផងដែរ៕