(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប ប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ១២០នាក់បន្ថែមទៀត ខណៈអ្នកជំងឺ ៤៩នាក់ បានជាសះស្បើយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។

រដ្ឋបាលខេត្ត បានឱ្យដឹងថា អ្នកជំងឺកូវីដ១៩ ដែលរកឃើញថ្មីនេះ ករណីទី១ ដល់ទី១៥ ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ក្តី, ករណីទី១៦ ដល់ទី៤៤ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី, ករណីទី៤៥ ដល់ទី៤៦ គឺជាករណីមានប្រភពចម្លងចេញពីសង្កាត់ស្រង៉ែ និងករណីទី៤៧ ជាករណីឆ្លងមានប្រភពចម្លងចេញពីផ្សារដំដែក។

ករណីទី៤៨ ដល់ទី៧៧ ជាករណីមានប្រភពចម្លងចេញពីផ្សារចារឈូក, ករណីទី៧៨ ដល់ទី៧៩ ជាករណីមានប្រភពចម្លងចេញពីផ្សារព្រះដាក់, ករណីទី៨០ ដល់ទី៨៣ ជាករណីមានប្រភពចម្លងចេញពីអ្នកដំណើរមកពី ខេត្តបន្ទាយមានជ័យ និងខេត្តកំពង់ចាម។

ករណីទី៨៤ ដល់ទី៩៥ គឺជាករណីឆ្លងបន្តពីអ្នកដំណើរមកពីរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង, ករណីទី៩៧ ដល់ទី៩៧ ជាករណីឆ្លងបន្តពីអ្នកជំងឺឈ្មោះ ថាំង វណ្ណា។ ករណីទី៩៨ ដល់ទី១០២ ករណីមានប្រភពចម្លងចេញពីពន្ធនាគារខេត្តសៀមរាប និងករណីទី១០៣ ដល់ទី១១៥ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។

ករណីទី១១៦ ដល់ទី១២០ គឺជាប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័ក នៅវិទ្យាល័យសម្តេចឪ។

ដោយឡែកអ្នកជាសះស្បើយទាំង ៤៩នាក់ ត្រូវបានក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

សូមបញ្ជាក់ថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន ២៨៣១នាក់។ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ១,១០៩នាក់ ស្លាប់ ២៦នាក់ និង ១,៦៩៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក។

រដ្ឋបាលខេត្តសៀមរាប អំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។

ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។

រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល៕