(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific បានប្រកាសពីចាប់ផ្តើមដំណើរការជើងហោះរបស់ខ្លួនឡើងវិញ រវាងទីក្រុងហុងកុង ប្រទេសចិន និងរាជធានីភ្នំពេញ ប្រទេសកម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១។ នេះបើតាមការប្រកាស លើគេហទំព័រផ្លូវការ របស់ក្រុមហ៊ុន នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ។

ការហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ មានរយៈពេល២សប្តាហ៍មួយជើង រវាងទីក្រុងហុងកុង និងរាជធានីភ្នំពេញ។

លោក ជា អូន រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា សូមស្វាគមន៍ចំពោះការដំណើរការជើងហោះហើរ ឡើងវិញនេះ។

លោកថា ការដំណើរការឡើងវិញនេះ ភាគច្រើនជាជើងហោះហើរ ដើម្បីដឹកជញ្ជូនទំនិញ (Cargo) ប៉ុណ្ណោះ សម្រាប់ការដឹកជញ្ជូនភ្ញៀវ នៅមានកម្រិតតិចតូចបំផុត ដោយសារការរីករាលនៃជំងឺកូវីដ១៩ និងការរឹតត្បិតការចេញចូល របស់បណ្តាប្រទេស នៅលើពិភពលោក។

លោករដ្ឋលេខាធិការបញ្ជាក់ទៀតថា ការហោះហើរនេះក៏ដើម្បីកុំឲ្យយន្តហោះទុកចោលយូរ ដែលអាចនឹងមានបញ្ហាខូចខាត ហើយអ្នកបើកបរយន្តហោះក៏ដូចគ្នាដែរ ដាច់ខាតត្រូវឲ្យមានការហោះហើរ យ៉ាងហោច៣ខែម្តង ដើម្បីរក្សានូវអាជ្ញាប័ណ្ណហោះហើររបស់ពួកគេ៕