(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់គោលដៅ៣ចំណុច ដើម្បីពង្រីកសមត្ថភាពនៃការរុករក និងកំណត់មុខសញ្ញានៃអ្នកផ្ទុកមេរោគកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ១៩។

គោលដៅនេះ ត្រូវបានគំណត់នៅក្នុងគោលការណ៍ណែនាំទូទៅ ស្តីពី ការគ្រប់គ្រង និងប្រើប្រាស់តេស្តរហ័សរក អង់ទីហ្សែនកូវីដ១៩ ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ។ គោលបំណងនៃការដាក់ចេញនូវ គោលការណ៍ណែនាំទូទៅនៃតេស្ករហ័ស គឺដើម្បីពង្រីកសមត្ថភាពនៃការរុករក និងកំណត់មុខសញ្ញានៃអ្នកផ្ទុកមេរោគកូវីដ-១៩ ដើម្បីចូលរួមចំណែកដល់ការកាត់បន្ថយ ការឆ្លង, ការទប់ស្កាត់, ការកាត់ផ្តាច់បណ្តាញចម្លងនៃជំងឺកូវីដ-១៩ និងចូលរួមចំណែកដល់ការបើក ដំណើរការពេញលេញជាបណ្តើរៗនូវសកម្មភាពសង្គម-សេដ្ឋកិច្ច តាមគន្លងប្រក្រតីភាពថ្មី ។

យោងតាមគោលការណ៍ណែនាំនេះ បានពន្យល់ថា ការប្រើប្រាស់តេស្តរហ័ស គឺដើម្បីស្វែងរក និងកំណត់មុខសញ្ញានៃអ្នកផ្ទុកមេរោគកូវីដ-១៩ ឱ្យបានលឿន, ទាន់ពេល និងក្នុងបរិមាណច្រើន ។ បន្ថែមពីលើនេះ ការប្រើប្រាស់តេស្តរហ័សនេះ អាចជួយកាត់បន្ថយ សម្ពាធនៃការធ្វើតែស្ត PCR ខណៈដែលការធ្វើតែស្ត PCR នេះ កំពុងប្រឈមនឹងកំណើនដ៏គំហុកនៃ ចំនួនសំណាកដែលត្រូវបានប្រមូល និងធ្វើតែស្ត ។

គោលការណ៍ណែនាំនេះ បានពន្យល់បន្ថែមថា ដើម្បីសម្រេចបាននូវគោលបំណងខាងលើនេះ គោលការណ៍ណែនាំទូទៅនៃតេស្ករហ័សនេះ កំណត់នូវគោលដៅចំនួន ០៣ (បី) ដែលរួមមានដូចខាងក្រោម៖

គោលដៅទី១៖ ពង្រឹងសមត្ថភាពស្ថាប័នសាធារណៈ និងឯកជន ក្នុងការប្រើប្រាស់ឧបករណ៍ តេស្តរហ័សដើម្បីការពារស្ថាប័ន និងបុគ្គលិករបស់ខ្លួន ព្រមទាំងបុគ្គលពាក់ព័ន្ធ ពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។

គោលដៅទី២៖ ពង្រឹងសមត្ថភាពអាជ្ញាធរមូលដ្ឋាន និងក្រសួង-ស្ថាប័នមានសមត្ថកិច្ច ក្នុងការ ចូលរួមរុករកកំណត់មុខសញ្ញានៃអ្នកផ្ទុកមេរោគកូវីដ-១៩ និងគ្រប់គ្រងការ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឱ្យបានឆាប់រហ័ស មានប្រសិទ្ធភាព និងទាន់ ពេល នៅក្នុងសហគមន៍ ។

គោលដៅទី៣៖ ធានាភាពងាយស្រួល គុណភាព និងប្រសិទ្ធភាពនៃការប្រើប្រាស់ឧបករណ៍ តេស្តរហ័ស៕