(ភ្នំពេញ)៖ គណៈកម្មាធិការអន្តរអគ្គនាយកដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀន ក្រសួងអប់រំ យុវជន និងកីឡា ដែលមានការអ្នកចូលរួមពីគ្រប់អគ្គនាយកដ្ឋាន និងនាយកដ្ឋានក្រោមឱវាទទីស្តីការក្រសួងអប់រំ យុវជន និងកីឡា និងស្ថាប័ន ពាក់ព័ន្ធ មានជាអាទិ៍អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង នឹងជំងឺអេដស៍ និងអង្គការដៃគូ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ បានជួបប្រជុំតាមប្រព័ន្ធអនឡាញ Microsoft team ដើម្បីពិនិត្យលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២១-២០២២។

កិច្ចប្រជុំបានធ្វើឡើង ក្រោមការដឹកនាំរបស់លោកស្រី គីម សេដ្ឋានី រដ្ឋលេខាធិការ តំណាង បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និងកីឡា។

លោកស្រី គីម សេដ្ឋានី បានស្វាគមន៍ និងថ្លែងអំណរគុណដល់តំណាងក្រសួងស្ថាប័ន អង្គការដៃគូ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំរួមគ្នាសម្រេចបាននូវលទ្ធផលការងារឆ្នាំ២០២០ និងឆ្ពោះទៅសម្រេចទិសដៅការងារឆ្នាំ២០២១ ជាទីមោទន :ក្នុងដំណាក់កាលដែលកម្ពុជាកំពុងរួមជាមួយពិភពលោកប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ-១៩។

ក្នុងឱកាសនោះដែរ សាស្រ្តាចារ្យវេជ្ជបណ្ឌិត ហោ ប៊ុនឡេង អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានជម្រាបជូនកិច្ចប្រជុំពីបច្ចុប្បន្នភាពការងារ ប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជា ក្នុងដំណើរឆ្ពោះទៅកាន់គោលដៅរបស់ខ្លួន ៩៥ - ៩៥ -៩៥ នៅឆ្នាំ២០២៥ ក្របខណ្ឌច្បាប់ គោលនយោបាយយុទ្ធសាស្រ្តប្រឆាំងនឹងជំងឺអេដស៍នៅកម្ពុជា ចំណេះដឹងទូទៅពីមេរោគអេដស៍-ជំងឺអេដស៍ កាមរោគ ទីតាំងផ្ដល់សេវាព្យាបាល និងប្រឹក្សាយោបល់មេរោគអេដស៍ជំងឺអេដស៍ និងកាមរោគ។ ទន្ទឹមនេះ លោកសាស្រ្តាចារ្យ បានបញ្ជាក់ថា ជំងឺអេដស៍គឺជំងឺអាចព្យាបាលបាន ឱ្យតែអ្នកជំងឺខិតខំព្យាយាមលេបឱសថឱ្យបានទៀងទាត់ និងរស់នៅដោយរក្សាឱ្យបាននូវអនាម័យ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ វេជ្ជបណ្ឌិត មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងពីបច្ចុប្បន្នភាពការងារ ប្រយុទ្ធប្រឆាំង គ្រឿងញៀន នៅកម្ពុជា ពីក្របខណ្ឌច្បាប់ យុទ្ធសាស្រ្ត ប្រយុទ្ធប្រឆាំង គ្រឿងញៀន ចំណេះដឹងទូទៅពីគ្រឿងញៀន និងទីតាំងផ្ដល់សេវាព្យាបាល និងប្រឹក្សាដល់អ្នកញៀនគ្រឿងញៀនដែលកម្ពុជាបាន និងកំពុងធ្វើការព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដែលរួមមាន មជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាចំនួនពីរកន្លែង មន្ទីរព្យាបាលក្នុងមណ្ឌលបណ្តោះអាសន្ន មាន១៨កន្លែង និងការព្យាបាលអ្នកញៀនគ្រឿងញៀនតាមប្រព័ន្ធសុខាភិបាលតាមមណ្ឌលសុខភាព ពេទ្យបង្អែក ពេទ្យជាតិ ទាំង៤៥៤កន្លែង ក្នុងសហគមន៍នៅជិតផ្ទះរបស់លោកអ្នក។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងអំណរគុណដល់អ្នកដឹកនាំក្រសួង អប់រំ យុវជន និងកីឡា អ្នកពាក់ព័ន្ធទាំងអស់ដែលបានខិតខំបំពេញការងាររបស់ខ្លួនទទួលបានលទ្ធផលល្អទាំងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការងារប្រយុទ្ធនឹងជំងឺអេដស៍ ដែលជាការងារសំខាន់ណាស់ដល់សុខភាពរបស់ប្រជាពលរដ្ឋ ពិសេសយុវជន។

ថ្លែងក្នុងនាម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក្នុងឱកាសបិទកិច្ចប្រជុំលោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់ថា កត្តាសុខភាពរបស់ប្រជាជន គឺជាកត្តាកំណត់ជោគជ័យក្នុងដំណើរអភិវឌ្ឍជាតិប្រកបដោយចីរភាព ហើយក៏ជាមូលដ្ឋានដែលក្រសួងអប់រំ យុវជន និងកីឡា កំណត់ចេញនូវទិសស្លោកសម្រាប់តម្រង់ទិសការងារលើកកម្ពស់សុខភាពសិក្សា ថា គ្រឹះស្ថានសិក្សា១ គឺជាតំបន់សុវត្ថិភាព១ ដែលគ្រប់រូបមន្រ្តីអប់រំ គ្រូបង្រៀន និងអ្នកសិក្សា ត្រូវទទួលបានចំណេះដឹង បំណិនជាជនបង្គោលក្នុងចលនាលើកកម្ពស់សុខភាព ចៀសផុតជំងឺឆ្លងនានា ដើម្បីសង្គមជាតិមានសុខមាលភាពពេញលេញ និងការអភិវឌ្ឍគ្រប់វិស័យ។

ក្នុងនាមថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា លោកស្រីបណ្ឌិតបានសំណូមពរដល់សមាជិកអង្គប្រជុំទាំងអស់ យកអស់កម្លាំងកាយចិត្តផ្សព្វផ្សាយបន្តនូវខ្លឹមសារចំណេះដឹងក្នុងថ្ងៃនេះទៅ ជូនដល់គ្រប់សហការីក្នុងអង្គភាព ក្នុងគោលដៅពង្រីកបន្ថែមជនបង្គោលក្នុងវិស័យអប់រំក្នុងដំណើរប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ និងគ្រឿងញៀន៕