(ភ្នំពេញ)៖ តាមរយៈទស្សនកិច្ចសិក្សាស្តីពី «ការអភិវឌ្ឍភាពជាអ្នកដឹកនាំ ដើម្បីការកែទម្រង់» តាមប្រព័ន្ធវីដេអូនអនឡាញ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ខែកក្កដា ឆ្នាំ២០២១ លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានបង្ហាញចំណាប់អារម្មណ៍ថា ការប្រើប្រាស់បច្ចេកវិទ្យាក្នុងក្របខណ្ឌសេវាសាធារណៈនៅប្រទេសសិង្ហបុរី ជាគំរូដ៏ល្អសម្រាប់បរិបទសម័យបច្ចេកវិទ្យាជឿនលឿន ដែលកម្ពុជាគួរតែសិក្សាស្វែងយល់ និងពិចារណាក្នុងការអនុវត្តការងារឱ្យកាន់តែសមស្របជាងមុន ពីព្រោះការងារនេះចាំបាច់សម្រាប់ពេលបច្ចុប្បន្ន និងអនាគត។

លោក យក់ ប៊ុនណា បានឱ្យដឹងថា តាមរយៈទស្សនកិច្ចសិក្សាស្តីពី «ការអភិវឌ្ឍភាពជាអ្នកដឹកនាំ ដើម្បីការកែទម្រង់» តាមប្រព័ន្ធវីដេអូនអនឡាញនេះ ពិតជាមានសារប្រយោជន៍ណាស់សម្រាប់ការគិតគូររៀបចំផែនការ ការរៀបចំចក្ខុវិស័យ បេសកកម្ម និងការងារនៅក្នុងស្ថាប័ន-អង្គភាពនីមួយៗ។

ពិសេសលើសពីនេះ គឺមានសារសំខាន់នៃអភិបាលកិច្ចនៅក្នុងអង្គភាពនីមួយៗ ដើម្បីការរីកចម្រើនទៅមុខ ដោយមានការគិតគូរអំពីអនាគត គិតអំពីការផ្លាស់ប្ដូរ គិតអំពីតម្រូវការរបស់ប្រជាពលរដ្ឋ ដែលកាតព្វកិច្ចទាំងអស់នេះ ផ្នែករដ្ឋបាលសាធារណៈត្រូវមានសមត្ថភាពក្នុងការឆ្លើយតបជាមួយនឹងតម្រូវការទាំងអស់នោះ ដូចជា ការរៀបចំទីក្រុងឆ្លាតវៃ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ប្រព័ន្ធព័ត៌មានវិទ្យាជាដើម។

លោកនាយកបានលើកឡើងទៀតថា នៅប្រទេសសិង្ហបុរី នៅក្នុងទីក្រុងឆ្លាតវៃ ឬ Smart City របស់គេ គេបានប្រើប្រាស់បច្ចេកវិទ្យាក្នុងក្របខណ្ឌសេវាសាធារណៈ ក្របខណ្ឌនៃការជួយសម្រួលជីវភាពប្រចាំថ្ងៃ ការអប់រំ សុខាភិបាលជាដើម ដែលកម្ពុជាគួរតែសិក្សាស្វែងយល់ និងពិចារណាក្នុងការអនុវត្តតាម។

លោកបានបន្តថា សិក្ខាកាមកម្ពុជាបានទទួលនូវគំនិត បទពិសោធន៍ល្អៗ បានយល់ពីសារៈសំខាន់នៃភាពជាអ្នកដឹកនាំក្នុងការកំណត់ និងសម្រេចគោលបំណងច្បាស់លាស់ ដោយត្រូវរៀនសូត្រពីអតីតកាល ត្រូវមានសមត្ថភាពសម្របខ្លួនចំពោះស្ថានភាពបច្ចុប្បន្ន ព្រមទាំងត្រូវមានសមត្ថភាពព្យាករណ៍ ត្រៀមខ្លួនរួចជាស្រចនិងប្រកាន់វិធានការសមស្របសម្រាប់ការផ្លាស់ប្តូរក្នុងអនាគត ក្នុងន័យកសាងសង្គមឲ្យមានវឌ្ឍនភាព និងវិបុលភាព ប្រកបដោយចីរភាព។ ពួកគាត់មានការប្ដេជ្ញាចិត្តថានឹងយកមកពិចារណា ដើម្បីការកែលម្អកិច្ចការងារក្នុងអង្គភាពរបស់ខ្លួនឱ្យកាន់តែសមស្រប។

ឆ្លងកាត់ការរៀបចំទស្សនកិច្ចសិក្សានេះ លោក យក់ ប៊ុនណា ពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែលើកនេះជាលើកដំបូង ដែលសាលាភូមិន្ទរដ្ឋបាលសហការជាមួយភាគីសិង្ហបុរី រៀបចំឱ្យមានកម្មវិធីនេះឡើង ហើយលោកបានសង្កត់ធ្ងន់ថា វាជាការងារគំរូដ៏ល្អមួយសម្រាប់ឱ្យសាលាភូមិន្ទរដ្ឋបាល ក៏ដូចជាអង្គភាពដទៃ អាចរៀបចំទស្សនកិច្ចតាមប្រព័ន្ធអនឡាញបែបនេះ ខណៈដែលសកលលោកទាំងមូលកំពុងយាយីដោយជំងឺកូវីដ-១៩ ដែលមិនអាចឱ្យភាគីកិច្ចសហប្រតិបត្តិការមិនអាចធ្វើការងារមួយចំនួនដោយផ្ទាល់ជាមួយគ្នា។

គួរជម្រាបថា កម្មវិធីទស្សនកិច្ចសិក្សាតាមអនឡាញរយៈពេលបីថ្ងៃនេះ គឺផ្តោតលើការចែករំលែកចំណេះដឹង និងបទពិសោធន៍លើ៖

១៖ វិធីសាស្ត្ររដ្ឋាភិបាលទាំងមូល (Whole of Government Approach) ក្នុងការរៀបចំផែនការ និងអនុវត្តការងារអាទិភាពជាតិ។

២៖ យុទ្ធសាស្ត្រ និងកត្តាជំរុញក្នុងការលើកកម្ពស់នវានុវត្តន៍ក្នុងអភិបាលកិច្ច។

៣៖ ស្វែងយល់ពីតួនាទីរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងស្ថាប័ន ក្នុងការគាំទ្រដល់កំណែទម្រង់រដ្ឋបាលសាធារណៈ។

សូមជម្រាបថា ការរៀបចំទស្សនកិច្ចសិក្សា Online នេះ គឺជាផ្នែកមួយនៃគម្រោងកសាងក្របខណ្ឌសមត្ថភាពថ្នាក់ដឹកនាំជាអគ្គនាយក អគ្គនាយករង និងថ្នាក់ប្រហាក់ប្រហែល ក្រោមគម្រោងសហការរួមគ្នារវាងក្រសួងមុខងារសាធារណៈ ដែលមានសាលាភូមិន្ទរដ្ឋបាលជាអង្គភាពប្រតិបត្តិ និងសាលាមុខងារសាធារណៈសិង្ហបុរី (Civil Service College) ដោយមានការគាំទ្រពីមូលនិធិ Temasek អន្តរជាតិ ដែលបានចាប់ផ្តើមតាំងពីចុងឆ្នាំ២០១៩ ហើយនឹងត្រូវបញ្ចប់នៅចុងឆ្នាំ២០២១នេះ៕