(ឧត្ដរមានជ័យ)៖ លោក ណុប មាន អាយុ ៧០ឆ្នាំ ដែលជាជនចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ទី៥លាន បានបង្ហាញនូវក្តីរីករាយជាពន់ពេកក្រោយទទួលបានរង្វាន់លើកទឹកចិត្តពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

រង្វាន់លើកទឹកចិត្តសម្រាប់លោក ណុប មាន រួមមាន៖ ថវិកា ១០លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ បាននាំយកប្រាក់រង្វាន់នេះ ទៅប្រគល់ជូនដល់ដៃលោក ណុប មាន នៅគេហឋានក្នុងភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ។

លោកស្រី ឱ វណ្ណឌីន បានថ្លែងក្នុងពេលប្រគល់រង្វាន់នោះថា រង្វាន់ជាថវិកា និងស្បៀងអាហារនេះ គឺជាការលើកទឹកចិត្តចំពោះលោក ណុប មាន ដែលបានយល់ច្បាស់ពីគុណតម្លៃវ៉ាក់សាំង ហើយស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំង។ លោកស្រី ឱ វណ្ណឌីន បានថ្លែងថា បំណងរបស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ចង់ឃើញប្រជាពលរដ្ឋគ្រប់រូបមានសុវត្ថិភាព និងចៀសផុតពីការវាយប្រហារនៃជំងឺកូវីដ១៩។ ព្រោះហេតុនេះហើយ ទើបសម្តេចតេជោ បានប្រឹងប្រែងស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។

សម្រាប់លោកស្រី ឱ វណ្ណឌីន ការអញ្ជើញទៅចាក់វ៉ាក់សាំងរបស់លោក ណុប មាន ក៏ដូចជាប្រជាពលរដ្ឋដទៃទៀត គឺជាក្តីរីករាយជាអនេកសម្រាប់សម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា។

លោក ណុប មាន បានថ្លែងថា រូបលោករីករាយជាខ្លាំងជាខ្លាំងពេលទទួលបានព័ត៌មានពីលោកស្រី ឱ វណ្ណឌីន ពីការទទួលបានរង្វាន់លើកទឹកចិត្តពីសម្តេចតេជោ ហ៊ុន សែន។ លោក ណុប មាន បានថ្លែងថា ការទទួលបានវ៉ាក់សាំងជារឿងត្រេកអរណាស់ទៅហើយសម្រាប់លោក និងក្រុមគ្រួសារ ហើយមិននឹកស្មានថាបានទទួលរង្វាន់ពីសម្តេចតេជោ ហ៊ុន សែន បែបនេះឡើយ។

លោក ណុប មាន បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលលោកចាត់ទុកជាអគ្គមគ្គទេសក៍ដ៏ឆ្នើមក្នុងការដឹកនាំកសាង និងអភិវឌ្ឍសង្គមកម្ពុជាតាំងពីក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។ មកដល់ថ្ងៃទី១៣ ខែកក្កដា ប្រជាពលរដ្ឋកម្ពុជា និងជនបរទេសកំពុងរស់នៅកម្ពុជា សរុបជាង ៥លាននាក់ហើយ បានចាក់វ៉ាក់សាំង។

សម្តេចតេជោ ហ៊ុន សែន បានផ្តល់រង្វាន់សម្រាប់ជនទី ១លាន ២លាន ៣លាន ៤លាន និងទី៥លាន។ ការផ្តល់រង្វាន់ជាការបង្ហាញនូវការលើកទឹកចិត្តសម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលបានស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំង៕