(ភ្នំពេញ)៖ ជនសង្ស័យចំនួន១៨នាក់ ដែលបន្លំខ្លួនជាព្រះសង្ឃដើរបិណ្ឌបាត្របោកប្រាស់ប្រជាពលរដ្ឋក្នុងភូមិសាស្ដ្រខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល ស្រាវជ្រាវចាប់ខ្លួនជាបន្ដបន្ទាប់ នៅភូមិព្រៃបឹង សង្កាត់កន្ទោក ក្នុងនោះមានមួយចំនួនជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន។

របាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា ការចាប់ខ្លួនជនសង្ស័យទាំង១៨នាក់នេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ក្រោយសមត្ថកិច្ចទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋថា មានមនុស្សមួយក្រុម មកជួលផ្ទះស្នាក់នៅក្នុងបុរីពិភពថ្មីមួយកន្លែង ក្នុងខណ្ឌកំបូល ហើយនៅពេលព្រឹកស្លៀកពាក់គ្រងស្បង់ជីវរក្លែងជាព្រះសង្ឃដើរបិណ្ឌបាត្រ រៃអង្គាសប្រាក់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជាយូរមកហើយ។

នៅថ្ងៃកើតហេតុ ជនសង្ស័យ១០នាក់ ក្នុងនោះគ្រងស្បង់ជីវរក្លែងជាព្រះសង្ឃ០៩នាក់ និង០១នាក់ទៀត ជាអ្នកបើករថយន្តត្រូវបានចាប់ខ្លួន ខណៈកំពុងបើករថយន្តម៉ាកកូរ៉ូឡា ដឹកប្រមូលសង្ឃក្លែងក្លាយទាំងនោះ ពីគោលដៅមួយចំនួនក្រោយពីរៃអង្គាសប្រាក់ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ បន្ទាប់ពីសាកសួរជនសង្ស័យទាំងនេះ កម្លាំងនគរបាលខណ្ឌកំបូល ក៏បានបន្តចាប់ខ្លួនជនសង្ស័យក្លែងជាព្រះសង្ឃ០៨នាក់ទៀត។

ក្រោយចាប់ខ្លួនជនសង្ស័យជាសង្ឃក្លែងក្លាយ ត្រូវបានព្រះអនុគុណខណ្ឌកំបូល ចាប់ផ្សឹកពួកគេហើយប្រគល់ជនសង្ស័យ និងវត្ថុតាងស្បង់ជីវរទៅសមត្ថកិច្ច ដើម្បីចាត់ការតាមផ្លូវច្បាប់។ ក្នុងចំណោមជនសង្ស័យទាំងនេះផងដែរ មាន០៧នាក់ បានធ្វើតេស្តរកឃើញមានផ្ទុកសារធាតុញៀន។

បើតាមចម្លើយសារភាពពីជនសង្ស័យប្រាប់សមត្ថកិច្ចថា ពួកគេធ្វើសកម្មភាពក្លែងជាព្រះសង្ឃដើរបិណ្ឌបាត្រជាយូរមកហើយ ក្រោមការចាត់ចែងរបស់មេខ្យល់ ឈ្មោះ ម៉េង អាយុប្រហែល២៥ឆ្នាំ ដោយក្នុងមួយថ្ងៃពួកគេរៃអង្គាសប្រាក់ បានពី៨ម៉ឺន ទៅ១០ម៉ឺនរៀល ក្នុងនោះមេខ្យល់ឈ្មោះ ម៉េង តម្រូវបង់ឲ្យគេក្នុងម្នាក់ ពី៣ម៉ឺន ទៅ៣ម៉ឺ៥ពាន់រៀល នៅសល់ប្រាក់ប៉ុន្មានទៀតគឺពួកខ្លួន យកមកចាត់ចែងចាយវាយ។

បច្ចុប្បន្នជនសង្ស័យទាំង១៨នាក់ ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌខណ្ឌកំបូល កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕