(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវទុកដាក់សំណល់ថ្មពិលឱ្យបានត្រឹមត្រូវ និងអាចយកមកដាក់នៅក្នុងធុងតាមទីតាំងមួយចំនួន ដែលបានរៀបចំនៅតាមទីសាធារណៈផ្សារទំនើប និងតាមស្ថានីយប្រេងឥន្ទនៈនានាក្នុងរាជធានីភ្នំពេញ។

នេះជាការអំពាវនាវរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០២១នេះ បន្ទាប់ពីមន្ត្រី នៃនាយកដ្ឋានគ្រប់គ្រងសារធាតុគ្រោះថ្នាក់ នៃក្រសួងបរិស្ថាន បានដាក់ធុងប្រមូលសំណល់ថ្មពិលចំនួន ១២ធុងនៅតាមទីសាធារណៈ ផ្សារទំនើប និងស្ថានីយប្រេងឥន្ធនៈ នៅក្នុងរាជធានីភ្នំពេញ ដើម្បីប្រមូលសំណល់ថ្មពិលយកទៅគ្រប់គ្រងតាមលក្ខណៈបច្ចេកទេស និងផ្សព្វផ្សាយពីផលប៉ះពាល់នៃថ្មពិលចាស់ៗ ដែលលែងប្រើ។

លោក នេត្រ ភក្ត្រា បានថ្លែងថា ការរៀបចំដាក់ធុងប្រមូលសំណល់ថ្មពិល គឺដើម្បីគ្រប់គ្រងសំណល់ដែលសម្បូរដោយសារធាតុគ្រោះថ្នាក់ និងកាត់បន្ថយការបោះចាលដោយពាសវាលពាសកាល ឬការចោលដោយលាយលំជាមួយ សំណល់ធម្មតា ដែលបង្កគ្រោះថ្នាក់ដល់សុខភាព និងបរិស្ថានធ្ងន់ធ្ងរ។

ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់រូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រុមអ្នកជំនាញនៃក្រសួងបរិស្ថាន នឹងយកសំណល់ថ្មពិលដែលប្រមូលបាន ទៅរក្សាទុកនៅទីលានទុកដាក់សំណល់ ដែលបានរៀបចំតាមលក្ខណះបច្ចេកទេស ដើម្បីការគ្រប់គ្រងប្រកបដោយសុវត្ថិភាពបរិស្ថានខ្ពស់ និងសិក្សាពីការទាញយកផលប្រយោជន៍ពីសំណល់ទាំងនោះមកប្រើប្រាស់វិញ»

លោក នេត្រ ភក្ត្រា បានបន្ថែមថា ដើម្បីទប់ស្កាត់ការសាយភាយសារធាតុគ្រោះថ្នាក់ចូលទៅក្នុងបរិស្ថាន និងការពារសុខភាពមនុស្សពីផលប៉ះពាល់អវិជ្ជមាន ក្រសួងបរិស្ថានបានកំពុងអនុវត្តគម្រោងប្រមូលសំណល់ថ្មពិល ដោយការដាក់ធុងសំណល់ថ្មពិលចំនួន១២ នៅតាមទីតាំងបុរី ផ្សារទំនើប ស្ថានីយ៍ប្រេងឥន្ធនៈ រួមមាន ជីប ម៉ុង នរោម៉ល និងមណ្ឌល ជីប ម៉ុងបាក់ទូក បុរីប៉េង ហួត បឹងស្នោរ និងស្ថានីយប្រេងឥន្ធនៈភីធីធីវត្តនាគវ័ន បូកគោ ផ្សារតូច និងបឹងស្នោរ។

ក្រសួងបរិស្ថាន នឹងបន្តដាក់ធុងសំណល់ថ្មពិលបន្ថែមនៅតាមទីតាំងផ្សេងទៀតដូចជានៅផ្សារម៉ាក្រូ អ៊ីអន និងនៅតាមស្ថានីយប្រេងឥន្ធនៈមួយចំនួនទៀត ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងយកសំណល់ថ្មពិល មកទុកដាក់បានត្រឹមត្រូវ និងលុបបំបាត់ការបោះសំណល់ថ្មពិលលាយលំជាមួយសំណល់ធម្មតា ដោយប្រមូលសំណល់ថ្មពិលយកមកទុកដាក់ឱ្យបានត្រឹមត្រូវ។ មន្ត្រីជំនាញនឹងចុះប្រមូលសំណល់ថ្មពិល ដែលពលរដ្ឋយកមកដាក់នេះមួយសបា្តហ៍ម្តង។

បើតាមលោក សុផល អាឡាស្កា ប្រធាននាយកដ្ឋានគ្រប់គ្រងសារធាតុគ្រោះថ្នាក់ នៃក្រសួងបរិស្ថាន បានថ្លែងថា សំណល់ថ្មពិលត្រូវបានចាត់ទុកជាសំណល់គ្រោះថ្នាក់ដោយសំណល់នេះ មានផ្ទុកទៅដោយសារធាតុគ្រោះថ្នាក់ដែលមានកម្រិតពុលខ្លាំង ដូចជា បារត កាត់ម៉្ញូម នីកែល និងសំណ។

លោកបានបន្ថែមថា ដូចនេះការទុកដាក់ ឬបោះចោលសំណល់ថ្មពិលមិនបានត្រឹមត្រូវនឹងបង្កឱ្យមានការសាយភាយសារគ្រោះថ្នាក់ចូលទៅក្នុងបរិស្ថាន និងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពមនុស្ស មានដូចជាទី១៖ បង្កឱ្យខូចតម្រងនោម ធ្វើឱ្យថយចុះសារធាតុចិញ្ចឹមក្នុងឆ្អឹង, ទី២៖ បង្កឱ្យខូចប្រព័ន្ធប្រសាត ខូចចលនាសាច់ដុំ បាត់បង់ការចងចាំ, ទី៣៖ បង្កឱ្យកើតជំងឺមហារីក ខូចប្រព័ន្ធភាពស៊ាំ បំផ្លាញកោសិកា, ទី៤៖ បង្កការរលូតគភ៌ ធ្វើឱ្យទារកកើតមិនមានភាពប្រក្រតី និងទី៥៖ បង្កវិរូបកាយទារកដែលទើបកកើតក្នុងផ្ទៃ ឬ ទារកក្នុងផ្ទៃ។

បន្ថែមពីនេះលោក នេត្រ ភក្ត្រា បានឱ្យដឹងថា រាជធានីភ្នំពេញ ជាចំណុចផ្ដើមនៃការផ្សព្វផ្សាយ ប្រមូល និងគ្រប់គ្រងសំណល់ថ្មពិលរបស់ក្រសួងបរិស្ថាន។

រដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា បន្ទាប់ពីរាជធានីភ្នំពេញ ក្រសួងបរិស្ថាននឹងពង្រីកការប្រមូលសំណល់ថ្មពិលនេះទៅតាមខេត្តបីទៀតផ្សេងទៀត ជាអាទិភាពដែលរួមមានខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តព្រះសីហនុ និងពង្រីកទៅកាន់ខេត្តផ្សេងទៀត។

ទន្ទឹមនឹងនេះដែរ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានស្នើសុំឱ្យម្ចាស់ទីតាំងអាជីវកម្មនានា ក្នុងនោះមានផ្សារទំនើប ស្ថានីយប្រេងឥន្ធនៈ និងបុរីលំនៅដ្ឋាននៅតាមបណ្តាខេត្តនានា ចូលរួមជាមួយក្រសួងបរិស្ថាន ដើម្បីគ្រប់គ្រង និងប្រមូលសំណល់ថ្មពិលនេះ។ ជាមួយគ្នានេះ សូមប្រជាពលរដ្ឋចូលរួមញែកសំណល់ទៅតាមប្រភេទ ហើយសំណល់ថ្មពិលដែលជាសំណល់គ្រោះថ្នាក់សូមទុកដាក់ឱ្យបានត្រឹមត្រូវ និងយកមកដាក់នៅតាមធុងដែលក្រសួងបរិស្ថានបានរៀបចំ។

ជាមួយគ្នានេះដែរ ក្រសួងបរិស្ថានសូមថ្លែងអំណរដល់ម្ចាស់ទីតាំង និងប្រជាពលរដ្ឋដែលបានផ្តល់កិច្ចសហការ និងការចូលរួមក្នុងការអនុវត្តគម្រោងប្រមូលសំណល់ថ្មពិល ដើម្បីបរិស្ថានយើងគ្មានសំណល់ថ្មពិល។ ក្រសួងបរិស្ថានសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តការចូលរួម និងជួយផ្សព្វផ្សាយអំពីគម្រោងប្រមូលសំណល់ថ្មពិលនេះឱ្យបានទូលំទូលាយ៕