(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ មិនត្រឹមតែបានដើរតួនាទីចម្បងក្នុងការស្វែងរក និងបន្តថែរក្សាសន្តិភាពដែលទទួលបានយ៉ាងលំបាកប៉ុណ្ណោះទេ ថែមទាំងបានចូលរួមយ៉ាងសកម្ម ដើម្បីសង្គ្រោះជាតិពីគ្រោះអាសន្ននានា ជាក់ស្ដែងកងទ័ពបានចូលរួមអស់កម្លាំងកាយចិត្ត ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ការបញ្ជាក់បែបនេះ របស់សម្តេចរដ្ឋមន្ត្រីរដ្ឋមន្ត្រីការពារជាតិកម្ពុជា បានធ្វើឡើងបន្ទាប់កងយោធពលខេមរភូមិបានចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ ព្រមទាំងបណ្តាខណ្ឌ និងបន្តចាក់ជូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្តផ្សេងៗទៀត ជាដើម។

តាមរយៈទំព័រ Facebook ផ្លូវការនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កងយោធពលខេមរភូមិន្ទ មិនត្រឹមតែបានដើរតួនាទីចំបង ក្នុងការស្វែងរក និងបន្តថែរក្សាសន្តិភាពដែលយើងទទួលបានយ៉ាងលំបាកប៉ុណ្ណោះទេ ថែមទាំងបានចូលរួមយ៉ាងសកម្ម ដើម្បីសង្គ្រោះជាតិពីគ្រោះអាសន្ននានា។ ជាក់ស្ដែង កងទ័ពបានចូលរួមអស់កម្លាំងកាយចិត្ត ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩»។

ការទទួលបានវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ គឺជាបំណងប្រាថ្នាដ៏ខ្លាំងក្លារបស់ប្រជាពលរដ្ឋ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតនៅកម្ពុជា។ ការជម្នះផលលំបាកទាំងឡាយរបស់រាជរដ្ឋាភិបាល ដើម្បីចាក់វ៉ាក់សាំងនៅតំបន់ក្រហម បានធ្វើឱ្យប្រជាពលរដ្ឋក្នុងតំបន់ក្រហមនេះរីករាយជាខ្លាំង។

ជាការកត់សម្គាល់ការខិតខំប្រឹងប្រែងរបស់ក្រុមការងារចាក់វ៉ាក់សាំងទាំងអស់ ដែលបានយកចិត្តទុកដាក់ និងបំពេញការងារយ៉ាងសស្រាក់សស្រាំ ដើម្បីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យបានតាមផែនការ ទោះបីជាតំបន់ចាក់វ៉ាក់សាំងនេះ ជាតំបន់រីករាលដាលជំងឺកូវីដ១៩ក្តី។

បើយោងតាមរបាយការណ៍ក្រសួងការពារជាតិកម្ពុជាចេញផ្សាយថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញ បានឱ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី១ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានចំនួនសរុប ២,១៤២,៨៦២នាក់ ខណៈចាក់លើកទី២ បានចំនួន ១,៧២៤,៥៨៤នាក់៕