(ភ្នំពេញ)៖ រយៈពេល២ថ្ងៃ នៅថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តលើសទម្ងន់ នៃគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានបើកប្រតិបត្តិការ ឃាត់យានយន្តដឹកលើសទម្ងន់កម្រិត កំណត់ចំនួន ២០គ្រឿង ក្នុងខេត្តសៀមរាប កណ្តាល និងខេត្តកំពង់ស្ពឺ។

ក្នុងប្រតិបត្តិការនៅខេត្តសៀមរាប ក្នុងសង្កាត់គោកចក ក្រុងសៀមរាប ក្រុមការងារចល័តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានត្រួតពិនិត្យយានយន្តដឹកជញ្ជូន ចំនួន ១៣គ្រឿង ដោយលើសទម្ងន់កម្រិតកំណត់ចាប់ពី ៥តោន ដល់ ២៨តោន ចំនួន ៧គ្រឿង ក្នុងនោះយានយន្តចំនួន ០៣គ្រឿង ដែលលើសចាប់ពី ២០%នៃទម្ងន់ អនុញ្ញាត ត្រូវឃាត់ទុករយៈពេល ១ឆ្នាំ។

នៅខេត្តកណ្តាល លើផ្លូវជាតិលេខ២០ បានត្រួតពិនិត្យយានយន្តដឹកជញ្ជូនចំនួន ៧គ្រឿង ដោយលើសទម្ងន់កម្រិតកំណត់ចាប់ពី ១០តោន ដល់២២តោនទាំង ០៧គ្រឿង ដែលលើសទម្ងន់ចាប់ពី ២០% នៃទម្ងន់អនុញ្ញាតត្រូវឃាត់ទុករយៈពេល ១ឆ្នាំ។

នៅលើផ្លូវជាតិលេខ៤១ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានត្រួតពិនិត្យយានយន្តដឹកជញ្ជូនចំនួន ០៦គ្រឿង ដោយដឹកលើសទម្ងន់កម្រិតកំណត់ចាប់ពី ១៥តោន ដល់២០តោន ចំនួន ០៦គ្រឿង ក្នុងនោះយានយន្តចំនួន ០៤គ្រឿង ដែលដឹកលើសទម្ងន់ចាប់ពី ២០% នៃទម្ងន់អនុញ្ញាតត្រូវឃាត់ទុក ១ឆ្នាំ។

រថយន្តដឹកលើសទម្ងន់កម្រិតកំណត់ ២០គ្រឿងដែលត្រូវបានពិន័យ ក្នុងនោះយានយន្តចំនួន ១៤គ្រឿងត្រូវឃាត់ទុកចំនួន ១ឆ្នាំ ដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរឹងបន្ថែម ចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់។

ក្រសួងសាធារណការ ក៏បានរំលឹកដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ថា ក្រសួងនឹងបន្តអនុវត្តតាមច្បាប់ និងសេចក្ដីជូនដំណឹងខាងលើយ៉ាងតឹងបំផុតដោយគ្មានការលើកលែងឡើយ៕