(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានប្រកាសរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ៨៥នាក់បន្ថែមទៀត នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១។ ជាមួយគ្នានេះ ក៏មានអ្នកជំងឺចំនួន ៥៤នាក់ជាសះស្បើយ និងស្លាប់ចំនួន ១នាក់ផងដែរ។

រដ្ឋបាលខេត្ត បានប្រកាសឱ្យដឹងថា អ្នកជំងឺដែលរកឃើញថ្មីនេះ ករណីទី១ ដល់ទី៣០ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី, ករណីទី៣១ ដល់ទី៣២ គឺជាករណីមានប្រភពចម្លងចេញពីសង្កាត់ស្រង៉ែ និងករណីទី៣៣ ជាករណីឆ្លងមានប្រភពចម្លងចេញពីផ្សារដំដែក។

ករណីទី៣៤ ដល់ទី៣៧ ករណីមានប្រភពចម្លងចេញពីការដ្ឋាន Rose Apple Sqare, ករណីទី៣៨ ដល់ទី៤១ ជាករណីមានប្រភពចម្លងចេញពីអ្នកដំណើរមកពីរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង, ករណីទី៤២ ដល់ទី៤៣ ជាករណីឆ្លងបន្តពីអ្នកជំងឺឈ្មោះ លាស់ ហេង, ករណីទី៤៤ គឺជាករណីឆ្លងបន្តពីអ្នកដំណើរមកពីរាជធានីភ្នំពេញ, ករណីទី៤៥ ដល់ទី៤៧ ជាករណីឆ្លងបន្តពីអ្នកជំងឺឈ្មោះ តូច សត្យា។

ករណីទី៤៨ ដល់ទី៧៣ ករណីមានប្រភពចម្លងចេញពីពន្ធនាគារខេត្តសៀមរាប, ករណីទី៧៤ ដល់ទី៧៨ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។ ករណីទី៧៩ ដល់ទី៨៥ គឺជាប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័ក នៅវិទ្យាល័យសម្តេចឪ។

ដោយឡែកអ្នកជំងឺដែលព្យាបាលជាសះស្បើយទាំង ៥៤នាក់ ត្រូវបានក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

នៅថ្ងៃម្សិលមិញនេះ ក៏មានអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ១នាក់ បានស្លាប់បាត់បង់ជីវិតផងដែរ។ អ្នកជំងឺដែលស្លាប់នេះ មាន ឈ្មោះ លូវ ស៊ូវខេង ភេទស្រី អាយុ៧៤ឆ្នាំ អាសយដ្ឋានភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដែលបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ និងបានស្លាប់នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៩៖២០នាទី ដោយសារជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។

សូមបញ្ជាក់ថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២,៦៣៩នាក់។ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ៩៨១នាក់ ស្លាប់ ២៦នាក់ និង ១,៦៣២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក។

រដ្ឋបាលខេត្តសៀមរាប បន្តអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។

ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។

រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល៕