(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ប្រកាសច្រានចោលទាំងស្រុង នូវអត្ថបទព័ត៌មានដែលបានចែកចាយតាមបណ្តាញទំនាក់ទំនងសង្គម ដែលបានចុះផ្សាយអត្ថបទលើកឡើងពីប្រទេសសឹង្ហបូរី បានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលធ្វើកោសល្យវិច័យលើសាកសពដែលមានជំងឺកូវីដ១៩ រកឃើញថាកូវីដ១៩ មិនមែនជាវីរុសទេ ប៉ុន្តែជាបាក់តេរី ដែលត្រូវបានប៉ះពាល់នឹងវិទ្យុសកម្ម និងបញ្ចូលឈាម បណ្តាលឲ្យស្លាប់មនុស្ស ព្រមទាំងអាចបណ្តាលឱ្យឈាមរបស់មនុស្សមានការកកឈាម និងបណ្តាលឱ្យកំណកឈាមធ្វើឱ្យមនុស្សពិបាកដកដង្ហើមព្រោះខួរក្បាលបេះដូងនិងសួតមិនអាចទទួលបានអុកស៊ីហ្សែន ធ្វើឱ្យមនុស្សស្លាប់យ៉ាងឆាប់រហ័ស និងមានសរសេរដាក់ប្រភពថា ក្រសួងសុខាភិបាលសិង្ហបុរី ទៀតផងនោះ គឺជាព័ត៌មានមិនពិត ក្លែងបន្លំ និងបំពុលសង្គម នៅក្នុងដំណាក់កាលដែលបណ្តាប្រទេសនៅលើសកលលោកបាន និងកំពុងរងគ្រោះ ដោយការរាតត្បាតពីវីរុសកូវីដ-១៩។

ក្រសួងសុខាភិបាលសូមបញ្ជាក់ថា រហូតមកដល់ពេលនេះ សូម្បីតែអង្គការសុខភាពពិភពលោក (WHO) ក៏នៅតែពន្យល់ថាជំងឺកូវីដ១៩ ជាជំងឺបង្កឡើងដោយវីរុសកូវីដ១៩ (មិនមែនដោយបាក់តេរីនោះឡើយ) ដែលគេមិនទាន់មានរកឃើញឱសថសម្រាប់ព្យាបាលជាក់លាក់ណាមួយនោះឡើយ ។

ក្រសួងសុខាភិបាលបន្តថា «សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នា សូមកុំបន្តចែកចាយនូវអត្ថបទព័ត៌មានដែលមានខ្លឹមសារដូចបានជម្រាបជូនខាងលើនេះឱ្យសោះ ដែលធ្វើឲ្យមានការភ័ន្តច្រឡំ និងច្របូកច្របល់សាធារណៈមតិ ហើយសូមបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារទាំងឡាយ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងដោយក្រសួងសុខាភិបាល ដើម្បីបានជៀសផុតពីការឆ្លងវីរុសកូវីដ១៩ ព្រមទាំងជម្រុញលើកទឹកចិត្តខ្លួនឯង និងអ្នកដទៃ ឱ្យបន្តការទទួលខុសត្រូវរបស់ខ្លួនលើកិច្ចការពារជំងឺដ៏កាចសាហាវនេះ ហើយត្រូវរៀនរស់នៅជាមួយនឹងវត្តមានវីរុសកូវីដ-១៩ ឱ្យស្របតាមរបត់នៃ ការរស់នៅធម្មតា តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ១៩»

ស្របតាមការណែនាំស់របស់ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជាដោយប្រកាន់យកនូវការអនុវត្តន៍ ៣ការពារ (ពាក់ម៉ាស់ លាងដៃឱ្យញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង) និង៣កុំ (កុំទៅកន្លែងមានមនុស្សកុះករច្រើន កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) និងនាំគ្នាស្ម័គ្រចិត្តទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅពេលដល់វេនដែលត្រូវចាក់ ឲ្យបានគ្រប់គ្នាសម្រាប់បុគ្គលដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ៕