(កំពង់ធំ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបារាយណ៍ និងស្រុកតាំងគោក ព្រមទាំងសប្បុរសជនដែលជាក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទាំងពីរ បានចូលរួមឧបត្ថម្ភថវិកាមួយចំនួន ដើម្បីបម្រើដល់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋនៅស្រុកទាំងពីរ។

ថវិកាឧបត្ថម្ភទាំងនោះ ត្រូវបានឧបត្ថម្ភដល់រដ្ឋបាលស្រុកបារាណ៍ ១១,០០០,០០០ រៀល និងប្រាក់ដុល្លារ ៤០០ ដុល្លារ។ ចំណែកស្រុកតាំងគោកទទួលបានថវិកាឧបត្ថម្ភចំនួន ១០,៨០០,០០០ រៀល និងប្រាក់ដុល្លារ ១,៣៥០ ដុល្លារ (គិតត្រឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១)។

លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងលោក អួង សារឿន អភិបាលស្រុកបារាយណ៍ បានថ្លែងអំណរគុណជូនចំពោះលោករដ្ឋមន្ត្រី ថោង ខុន ព្រមទាំងសប្បុរសជនជាក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទាំងពីរ ដែលបានចូលរួមឧបត្ថម្ភថវិកាខាងលើ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធការចាក់វ៉ាក់សាំងនេះ។

អភិបាលស្រុកទាំងពីរបានបញ្ជាក់ថា ថវិកាឧបត្ថម្ភទាំងនេះនឹងជួយទ្រទ្រង់ដល់ការងារជាច្រើន ដូចជា ការសម្រួលមធ្យោបាយ រៀបចំទីតាំង សណ្ដាប់ធ្នាប់ សុវត្ថិភាពជូនក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋដែលមកទទួលការចាក់វ៉ាក់សាំង ព្រមទាំងតម្រូវការចាំបាច់មួយចំនួនទៀត។

តាមការបញ្ជាក់ពីមន្ត្រីមូលដ្ឋាន យុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ នៅខេត្តកំពង់ធំនេះ ធ្វើឡើងក្នុងជំហានដំបូងនៅមូលដ្ឋានក្រុង-ស្រុកចំនួន ៤ រួមមាន ក្រុងស្ទឹងសែន ស្រុកសន្ទុក ស្រុកបារាយណ៍ និងស្រុកតាំងគោក។ យុទ្ធនាការចាក់វ៉ាក់សាំងនេះមានរយៈពេល ១៤ ថ្ងៃ គិតចាប់ពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១។

ក្នុងរយៈពេលពីរថ្ងៃ (១២-១៣ កក្កដា) មកនេះ ស្រុកតាំងគោកចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន ៤,៦៨៩ នាក់ រីឯស្រុកបារាយណ៍ចាក់បាន ៩,៩១៩ នាក់៕