(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានចុះពិនិត្យមើលការបន្តបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី៣ ដែលយុទ្ធនាការនេះប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ នៅមន្ទីរពេទ្យបង្អែកខេត្តកំពត។

សកម្មភាពនេះ ធ្វើឡើងដោយមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត ប្រធានមន្ទីរសុខាភិបាលខេត្តកំពត ជួរដឹកនាំកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរ និងមន្ត្រីក្នុងស្ថាប័នពាក់ព័ន្ធ ជាច្រើនរូប។

លោកអភិបាលខេត្ត ជាវ តាយ បានថ្លែងថា សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល តែងបានយកចិត្តទុកដាក់លើបញ្ហា ការឆ្លងរាតត្បាតជំងឺកូវីដ១៩។ ក្នុងនោះដើម្បីការពារសុខមាលភាពរបស់ប្រជាពលរដ្ឋ សម្ដេចតេជោ ហ៊ុន សែន តែងតែបានខិតខំយកចិត្តទុកដាក់ ណែនាំនិងដាក់បទបញ្ជា ព្រមទាំងវិធានការសុខាភិបាល យ៉ាងម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព។ ពិសេសការស្វែងរកជំនួយវ៉ាក់សាំងពីបណ្ដាប្រទេសជាមិត្ត ក៏ដូចជាជំនួយសប្បុរសជន និងថវិកាផ្ទាល់របស់រាជរដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណាឱ្យមានវ៉ាក់សាំងចាក់ដោយស្ម័គ្រចិត្ត ដល់ប្រជាពលរដ្ឋទូទៅដែលអាចចាក់បាន។

ដោយឡែក ខេត្តកំពតជាជំហានបន្តនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាល ជូនវ៉ាក់សាំងការពារកូវីត១៩នេះ បន្តចាក់ជូនដល់មន្ត្រីដែលមិនទាន់បានចាក់ពីមុនមក ពិសេសប្រជាពលរដ្ឋនៅក្នុងក្រុងកំពត ក៏ដូចជាប្រជាពលរដ្ឋនៅតាមបណ្ដាស្រុកមួយចំនួនក្នុងខេត្តកំពត ដោយតាមគោលការណ៍ស្ម័គ្រចិត្ត។

លោកអភិបាលខេត្ត ក៏បានណែនាំដល់មន្ត្រីសុខាភិបាលពាក់ព័ន្ធ ក្នុងកម្មវិធីចាក់នេះទាំងអស់ ឱ្យយកចិត្តទុកដាក់ផ្ដល់វ៉ាក់សាំង ដល់អ្នកដែលបានមកទទួលឱ្យបានល្អ ហើយជាមួយនោះអ្នកដែលត្រូវទទួលវ៉ាក់សាំង ក៏ត្រូវគោរពតាមការណែនាំ របស់គ្រូពេទ្យ ក្នុងរយៈពេលនៃការទទួលវ៉ាក់សាំងនេះផងដែរ។

សូមបញ្ជាក់ថា ការចាក់វ៉ាក់ការពារជំងឺកូវីដ១៩ ក្នុងខេត្តកំពត មានចំនួន០៥ទីតាំងរួមមាន៖ មន្ទីរពេទ្យបង្អែកខេត្តកំពត ស្ថិតក្នុងក្រុងកំពត, មន្ទីរពេទ្យស៊ុនយ៉ាឃៀល ស្ថិតនៅក្រុងបូកគោ, ទីរួមស្រុកជុំគីរី, ទីរួមស្រុកទឹកឈូ និងទីរួមស្រុកកំពង់ត្រាច៕