(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីជូនដំណឹងមួយពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ជនបរទេសួទាំងអស់ ដែលកំពុងស្នាក់នៅ និងកំពុងបំពេញការងារក្នុងខេត្តសៀមរាប តាមគោលការណ៍ស្ម័គ្រចិត្តចាប់ពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង៨៖០០នាទីព្រឹកតទៅ។

បើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ចំពោះទីតាំងនៃការចាក់វ៉ាក់សាំងកូវីដ១៩នេះ រដ្ឋបាលខេត្តនឹងរៀបចំឡើង នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

រដ្ឋបាលខេត្ត បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងកូវីដ១៩នេះ គឺផ្តល់ជូនចំពោះជនបរទេសដែលបានធ្វើសំណើរមករដ្ឋបាលខេត្តសៀមរាប នៅពេលកន្លងមក។ ជាមួយគ្នានេះ ចំពោះជនបរទេសទាំងឡាយណា ធ្វើសំណើរមករដ្ឋបាលខេត្ត ហើយកំពុងស្នាក់រស់នៅ និងកំពុងបំពេញការងារក្នុងខេត្តសៀមរាប នឹងមានបំណងចាក់វ៉ាក់សាំងកូវីដ១៩ ត្រូវធ្វើការចុះឈ្មោះ នៅរដ្ឋបាលក្រុងសៀមរាប ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ចំពោះជនបរទេសទាំងឡាយណាដែលមានបំណងទៅទទួលយកការចាក់វ៉ាក់សាំង សូមភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធ រួមមាន៖

*ទី១៖ លិខិតឆ្លងដែន ដែលទិដ្ឋាការនៃការស្នាក់នៅក្នុងប្រទេសកម្ពុជា នៅមានសុពលភាព (គិតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១)។
*ទី២៖ ចំពោះជនបរទេសទាំងឡាយណាដែលទិដ្ឋការនៃការស្នាក់នៅក្នុងប្រទេសកម្ពុជា ហួសសុពលភាព ហើយមានបំណងចាក់វ៉ាក់សាំង ត្រូវទៅធ្វើការពន្យាទិដ្ឋការនៃការស្នាក់នៅក្នុងប្រទេសកម្ពុជាស្របតាមនីតិវិធី ដែលមានជាធរមាន។
*ទី៣៖ លិខិតបញ្ជាក់សុខភាព ឬវេជ្ជបញ្ជានៃការប្រើប្រាស់ថ្នាំនានា ដែលកំពុងប្រើប្រាស់ជារៀងរាល់ថ្ងៃ (ប្រសិនបើមាន)៕