(កំពង់ស្ពឺ)៖ ថវិកាចំនួន ១០០លានរៀលរបស់ប្រមុខរាជរដ្ឋាភិបាល ត្រូវបានលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ យកទៅប្រគល់ដល់ដៃក្រុមគ្រួសារសពដែលបានស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន២០គ្រួសារ ជាជំហានទី១ ដោយក្នុង១គ្រួសារទទួលបានថវិកាចំនួន៥លានរៀល។

ការប្រគល់ថវិកាដល់គ្រួសារសពដែលស្លាប់ដោយជំងឺកូវីដ១៩នេះ គឺជាជំហានទី១ ហើយអ្នកស្លាប់ដោយជំងឺកូវីដ១៩ បច្ចុប្បន្ននេះ នៅខេត្តកំពង់ស្ពឺ មានចំនួនប្រមាណ ៥៦គ្រួសារ នៅតាមបណ្តាក្រុង/ស្រុកទូទាំងខេត្ត។

លោកអភិបាលខេត្ត បានថ្លែងថា ថវិកាសរុប ចំនួន១០០លានរៀល ត្រូវឧបត្ថម្ភរបស់ប្រមុខរាជរដ្ឋាភិបាល បានប្រគល់ជូនចំនួន២០គ្រួសារដំបូង នៃជំហានទី១។ រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន បានដឹងសុខទុក្ខចំពោះប្រជាពលរដ្ឋក្នុងបរិបទនៃជំងឺកូវីដ១៩ ថែមទាំងបានឧបត្ថម្ភថវិកា ជូនបងប្អូននៃគ្រួសារសពកូវីដ១៩ ទាំងអស់ជាការចូលរួមរំលែកទុក្ខចំពោះគ្រួសារសពបងប្អូនផងដែរ។

លោក វ៉ី សំណាង បានបន្តថា អ្វីៗទាំងអស់ដែលរាជរដ្ឋាភិបាលបានផ្តល់ជូន គឺបានជួយទ្រទ្រង់ដល់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋឱ្យមានភាពសុខសាន្ត បំពេញការខ្វះខាតប្រចាំថ្ងៃ។ បន្ថែមពីនេះសូមប្រជាពលរដ្ឋចូលរួមអនុវត្តតាមវិធានការសុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» ឱ្យបានខ្ជាប់ខ្ជួនផងដែរ៕