(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញមកច្រានចោលទាំងស្រុង ចំពោះការប្រឌិតព័ត៌មាន នៅលើបណ្ដាញសង្គម Facebook ថា ក្រសួងនឹងបើកសាលារៀនឡើងវិញ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងយ៉ាងដូច្នេះថា «សូមជម្រាបជូនថា ការចែកចាយរឿងបើកសាលារៀនវិញ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ខាងមុខ គឺជាដំណឹងមិនពិតនោះទេ។ ក្រសួងសូមធ្វើការច្រានចោលទាំងស្រុង ចំពោះអ្វីដែលបានចែកចាយ នៅលើបណ្ដាញសង្គម Facebook»

ជាមួយនឹងការច្រានចោលនេះ អ្នកនាំពាក្យក្រសួងអប់រំ មិនទាន់អាចបញ្ជាក់បាននៅឡើយទេ ចំពោះពេលវេលាជាក់លាក់ នៃការបើកសាលារៀនឡើងវិញ ខណៈដែលជំងឺកូវីដ១៩ កំពុងតែរីករាលដាលយ៉ាងខ្លាំង នៅក្នុងប្រទេសកម្ពុជា។

គួរជម្រាបថា ដោយសារតែជំងឺកូវីដ១៩ ផ្ទុះក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចបិទសាលារៀនទាំងអស់នៅទូទាំងប្រទេស ដោយតម្រូវឲ្យសិក្សាពីចម្ងាយ និងតាមប្រព័ន្ធអនឡាញ៕