(ភ្នំពេញ)៖ វិស័យកសិកម្មនៅកម្ពុជា ជាវិស័យដ៏ធំមួយក្នុងការជំរុញសេដ្ឋកិច្ចឲ្យមានការរីកចម្រើន ហើយចំពោះដំណាំកសិកម្មជាច្រើនប្រភេទក្នុងវិស័យនេះ មានការលូតលាស់ខ្លាំងណាស់ដែរ ខណៈដែលដំណាំស្វាយក៏មានសន្ទុះមិនធម្មតា។

រោងចក្រកែច្នៃស្វាយមិនទាន់មានច្រើនទេ ដែលធ្វើឲ្យស្វាយមិនអាចនាំចេញបានត្រូវរងការខូចខាត។ ហេតុនេះហើយ សហគ្រាសដំណាប់ស្វាយ អិល ប៊ី អិន ដែលជាកន្លែងផលិតកម្មកែច្នៃស្វាយរមៀតស្រស់ ទៅជាដំណាប់ស្វាយ បង្កើតឡើងដើម្បីជួយរាជរដ្ឋាភិបាលលើកស្ទួយជីវភាពកសិករ តាមរយៈទិញស្វាយកែវរមៀត ពីកសិករចន្លោះពី ៨០តោន ទៅ១០០តោន ក្នុងមួយថ្ងៃ។

សហគ្រាសដំណាប់ស្វាយនេះ គឺជាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន អិល ប៊ី អិន គ្រុប ក្រោមការដឹកនាំរបស់ឧកញ៉ា លីម ប៊ុណ្ណា និងលោកស្រី ថុង ធីតា។ សហគ្រាសនេះ បានចាប់បដិសន្ធិឡើង នៅដើមខែឧសភា ឆ្នាំ២០១៨ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៧ ក្នុងភូមិបេង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

សហគ្រាសដំណាប់ស្វាយនេះ បង្កើតឡើងក្នុងគោលបំណងដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា៖

* លើកស្ទួយ និងបង្កើតទីផ្សារផ្នែកកសិឧស្សាហកម្ម ដំណាំស្វាយកែវរមៀត
* បង្កើតឱកាសការងារដល់ប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយការចំណាកស្រុកទៅក្រៅប្រទេស
* ជួយកាត់បន្ថយភាពក្រីក្ររបស់កសិករ
* ចំពោះគោលដៅវិញ គឺនាំចេញទៅប្រទេសចិន និងបណ្តាប្រទេសផ្សេងៗទៀត ព្រមទាំងពង្រីកទីផ្សារនៅក្នុងស្រុក។

សហគ្រាសដំណាប់ស្វាយមានគម្រោងជំនាន់ថ្មី រួមមាន៖

* បង្កើតការផលិត ទិញចូល និងនាំចេញឲ្យបានច្រើនជាងឆ្នាំកន្លងទៅ
* ទិញស្វាយពីប្រជាកសិករចន្លោះពី ៨០តោន ទៅ១០០តោន ក្នុងមួយថ្ងៃ
* បន្ថែមចំនួនកម្មករដែលមានស្រាប់ ៦០០នាក់ ទៅ៨០០នាក់ទៀតផង៕