(កំពង់ឆ្នាំង)៖ គិតមកដល់ថ្ងៃនេះ ខេត្តកំពង់ឆ្នាំង បានទទួលវ៉ាក់សាំងការពារកូវីដ១៩ ពីប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ចំនួន៣៧ម៉ឺនដូសហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។

លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងបែបនេះនៅក្នុងពេលដែលលោកបានដឹកនាំក្រុមការងារចុះត្រួតពិនិត្យមើលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩របស់ក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ដែលកំពុងចាក់ជូនប្រជាពលរដ្ឋនៅក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

លោកអភិបាលខេត្ត បានសំណូមពរដល់ក្រុមគ្រូពេទ្យ និងអាជ្ញាធរដែលស្ថិតនៅក្នុងទីតាំងកំពុងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ សូមយកចិត្តទុកដាក់ថែរក្សាសណ្តាប់ធ្នាប់របៀបរៀបរយ និងរក្សាគម្លាតរបស់ប្រជាពល រដ្ឋដែលនាំគ្នាមកចាក់វ៉ាក់សាំងនៅគ្រប់ទីតាំងទាំងអស់ ដោយត្រូវណែនាំឲ្យពួកគាត់ពាក់ម៉ាស លាងដៃ និងអាកុល មិនត្រូវប្រជ្រៀតគ្នា ដណ្តើមគ្នាដើម្បីចាក់វ៉ាក់សាំងនោះឡើយ។ ព្រោះថា ការប្រជ្រៀតគ្នា ឬដណ្ដើមគ្នានេះ វាអាចមានហានិភ័យឆ្លងរាលដាលជំងឺកូវីដ១៩បន្ថែមទៀតមកដល់ខ្លួន និងក្រុមគ្រួសារខ្លួនទៅវិញទេ។ ចំពោះការចាក់វ៉ាក់សាំងនេះដែរ គឺអាជ្ញាធរខេត្ត និងមន្ទីរសុខាភិបាលមានផែនការចាក់ជូនប្រជាពលរដ្ឋគ្រប់ៗគ្នា នៅគ្រប់មូលដ្ឋាន។

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការជុំវិញខេត្តទាំងអស់ សូមរួសរាន់មកយកសំណាកឲ្យបានទាន់ពេលវេលាករណីមានការសង្ស័យថា ខ្លួនបានឆ្លងជំងឺកូវីដ១៩ ព្រោះការយកសំណាកនេះមិនឈឺនោះទេ។ ហើយវាអាចដឹងជាមុន និងក៏អាចទប់ស្កាត់បាននូវការរាលដាលការឆ្លងជំងឺកូវីដ១៩ ចូលក្នុងក្រុមគ្រួសារ និងសហគមន៍របស់យើងផងដែរ។

ពិសេសបងប្អូនប្រជាពលរដ្ឋ និងមន្ត្រីរាជការដែលមិនទាន់បានចាក់វ៉ាក់សាំង សូមមេត្តារួសរាន់ទៅទទួលការចាក់វ៉ាក់សាំងនៅក្នុងមូលដ្ឋានរបស់បងប្អូន ឬនៅតាមមណ្ឌលសុខភាព ដែលបានកំណត់ដោយអាជ្ញាធរដែលនៅជិតមូល ដ្ឋានបំផុតដែលបងប្អូនរស់នៅ។

ដោយឡែក នៅកន្លែងបិទខ្ទប់ផ្សារឆ្នាំង និងផ្សារលើ សូមបងប្អូនដែលកំពុងធ្វើចត្តាឡីស័ក នៅក្នុងលំនៅដ្ឋានសូមគោរពឲ្យបាននូវវិធានរបស់ក្រុមគ្រូពេទ្យ ពិសេសគឺវិធានរបស់ក្រសួងសុខាភិបាល ដោយមិនត្រូវចេញដើររហេតរ ហូតពីតំបន់បិទខ្ទប់ ពោលត្រូវដាក់ខ្លួនឲ្យនៅដោយឡែក១៤ថ្ងៃសិន ដើម្បីតាមដានសុខភាពរបស់បងប្អូន ខណៈដែលបងប្អូនពុំទាន់បានដឹងពីសុខភាពរបស់ខ្លួនឯងនៅឡើយ។

ចំណែកអាជ្ញាធរ និងសមត្ថកិច្ចនៅតំបន់បិទខ្ទប់ ក៏ត្រូវតែពង្រឹងការយាមកាមនៅតំបន់បិទខ្ទប់ឲ្យបានម៉ឺងម៉ាត់ផងដែរ ដើម្បីរួមគ្នាកាត់ផ្ដាច់ជំងឺកូវីដ១៩ នៅក្នុងសហគមន៍របស់យើង៕