(បន្ទាយមានជ័យ)៖ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បាននិងកំពុងដំណើរការប្រកបដោយភាពល្អប្រសើរ ខណៈដែលពលរដ្ឋជាង ៤ម៉ឺននាក់ហើយ បានចាក់វ៉ាក់សាំងរួចរាល់ ត្រឹមរយៈពេល ៣ថ្ងៃ។

ក្រុងសិរីសោភ័ណ បានដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១កន្លងទៅនេះ។កងទ័ពនៃយោធភូមិភាគទី៥ ត្រូវបានគេដាក់ពង្រាយ ដើម្បីជួយដល់ដំណើរការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ។

ដំណើរការចាក់វ៉ាក់សាំងនៅក្នុងក្រុងសិរីសោភ័ណ ត្រូវបានលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ និងជាប្រធានគ្រប់គ្រងសន្តិសុខ និងសណ្ដាប់ធ្នាប់គោលដៅធ្វើចត្តាឡីស័កប្រយុទ្ធ ប្រឆាំងជំងឺកូវីដ-១៩ យោធភូមិភាគទី៥ យកចិត្តទុកដាក់ និងចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងនោះជាប់ជាប្រចាំ ដើម្បីធានាថា ដំណើរការចាក់វ៉ាក់សាំងបានល្អប្រសើរ ហើយសម្រេចទៅតាមផែនការរាជរដ្ឋាភិបាលដាក់ចេញ។

នៅថ្ងៃទី១៣ ខែកក្កដា លោកឧត្តមសេនីយ៍ទោ សេង ធារិន ដែលមានការចូលរួមពីលោកឧត្ដមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើជើងលេខ៥១ បានបន្តបន្តចុះត្រួតពិនិត្យលើទីតាំងចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋ ដោយក្រុមរយថន្តចល័ត ក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានឱ្យដឹងថា ដំណើរការចាក់វ៉ាក់សាំងក្នុងក្រុងសិរីសោភ័ណ ត្រូវបានរៀបចំចាក់ដោយកម្លាំងកងទ័ពនៃយោធភូមិភាគទី៥ ចំនួន ៨ទីតាំង។ ទីតាំងទាំងអស់ ត្រូវបានរៀបចំ និងដំណើរការចាក់ជូនប្រជាពលរដ្ឋទូទៅចាប់ពីពេលព្រឹកព្រលឹម រហូតដល់ថ្ងៃបាក់រសៀល។ បន្ថែមពីលើនោះ ក្រុមការងារកងទ័ព ក៏បានរៀបចំជាក្រុមរថយន្តចល័ត ដែលរាជរដ្ឋាភិបាលបានបំពាក់ជូនកងទ័ពចំនួន ២គ្រឿង សម្រាប់ចល័តចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដើម្បីបង្កលក្ខណៈងាយស្រួលចូលទៅជិតប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាក់ថា គ្រប់ទីតាំងចាក់វ៉ាក់សាំងទាំងអស់ បានដំណើរការដោយល្អប្រសើរ ហើយប្រជាពលរដ្ឋក៏មានការសប្បាយចិត្តដែលបានទទួលការចាក់វ៉ាក់សាំងនេះ។ លោកបានកត់សម្គាល់ថា ប្រជាពលរដ្ឋជាច្រើន បានស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងតាមការរៀបចំរបស់អាជ្ញាធរ។

បើទោះបីជាយ៉ាងណា លោកឧត្តមសេនីយ៍ ទោ សេង ធារិន បានផ្តាំផ្ញើដល់កងកម្លាំង ត្រូវយកចិត្តទុកដាក់ក្នុងការងារ ចាក់វ៉ាក់សាំងជូនពលរដ្ឋ និងបានអំពាវនាវដល់ប្រជាពលរដ្ឋ បន្ទាប់ពីទទួលការចាក់វ៉ាក់សាំងរួចហើយ កុំភ្លេចអនុវត្តន៍តាមការណែនាំរបស់ក្រុមគ្រូពេទ្យលើតំណមក្នុងអំឡុងពេលចាក់វ៉ាក់សាំងនេះ។

ឆ្លើយតបនឹងការបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ ប្រជាពលរដ្ឋ បានសម្តែងក្តីត្រេកអរក្រៃលែង ដែលទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវិដ១៩។ ពួកគេបានថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលសម្តេចបានយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ព្រមទាំងអរគុណចំពោះអាជ្ញាធរ សមត្ថកិច្ច និងក្រុមការងារចុះចាក់វ៉ាក់សាំងជូនពួកគេផងដែរ៕