(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន១៥០នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) និងព្យាបាលជាសះស្បើយចំនួន៥៦នាក់ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺកូវីដទាំង១៥០នាក់ ក្នុងនោះចំនួន៥៤នាក់ ជាពលករដែលកំពុងធ្វើចត្តាឡីស័ក និង៩៥នាក់ទៀត ជាពលករទើបមកពីប្រទេសថៃ តាមច្រកអន្តរជាតិអូរស្មាច់ និង១នាក់ទៀត ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ បានរកឃើញជំងឺកូវីដ១៩ ចំនួន១៩៧៥ករណី ក្នុងនោះករណីនាំចូលពីបរទេសចំនួន ១៨២៦ករណី និងករណីឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ ចំនួន១៤៩ករណី បានព្យាបាលជាសះស្បើយចំនួន ៤២៧នាក់ កំពុងសម្រាកព្យាបាលចំនួន១៥៤៤នាក់ និងស្លាប់បាត់បង់ជីវិត ៤នាក់ផងដែរ៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖