(ព្រៃវែង)៖ នៅខេត្តព្រៃវែង គិតត្រឹមម៉ោង៤៖៣០នាទីរសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ១៥៩នាក់ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) និងជាសះស្បើយ៦៨នាក់ ព្រមទាំងស្លាប់១នាក់ផងដែរ។

នេះបើយោងតាមលោក ញ៉ែម សៅគ្រី ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង និងជាសមាជិកអ្នកនាំពាក្យសាលាខេត្តព្រៃវែង បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងនៅរសៀលថ្ងៃទី១២ ខែកក្កដានេះ។

ជាមួយគ្នានេះដ្ឋបាលខេត្តព្រៃវែង សូមអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ក្នុងករណីមានអាការខុសប្រក្រតី ត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាកឱ្យបានឆាប់រហ័ស។

សូមបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ខេត្តព្រៃវែងមានអ្នកឆ្លងសរុបចំនួន២,៣០១នាក់ ជាសះស្បើយចំនួន១,៣៩០នាក់ កំពុងព្យាបាល៨៧៤នាក់ និងស្លាប់៣៧នាក់ផងដែរ៕